ដោយៈ រី លក្ខិណា បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
ខ្ញុំឈ្មោះ ផ្លែន រុន អាយុ៦០ឆ្នាំ គឺជាជនជាតិស្ទៀង មានស្រុកកំណើតនៅភូមិអញ្ឆញ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ។ ឪពុករបស់ខ្ញុំឈ្មោះ ផ្លែន និងម្តាយឈ្មោះប៉ិ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់គឺស្រី១នាក់ និងប្រុស៣នាក់។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ច្រឹង សាមុត និងមានកូនចំនួន៥នាក់ (ស្រីចំនួន២នាក់ និងប្រុសចំនួន៣នាក់)។
កាលពីនៅតូចខ្ញុំមិនសូវបានរៀនសូត្រទេ ពីព្រោះនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ភូមិអញ្ឆញ និងតំបន់ជុំវិញនោះមានការទម្លាក់គ្រាប់បែនិងមានសង្គ្រាមកើតឡើងរវាងកងទ័ពវៀតកុងដែលបានមកបោះជំរំនៅតាមព្រំដែនកម្ពុជា-វៀតណាម, តាមព្រៃក្បែរៗភូមិអញ្ឆញ និងកងទ័ពអាមេរិក។ អ្នកភូមិបាននាំគ្នាយកស្រូវទៅលាក់ទុកក្នុងព្រៃ ហើយក៏គ្មានអ្នកណាហ៊ានរស់នៅក្នុងភូមិដែរ។ យើងបាននាំគ្នាទៅលាក់ខ្លួននិងដាំបាយហូបក្នុងព្រៃ នៅពេលយប់ស្ងាត់។ ឪពុកខ្ញុំ និងអ្នកភូមិផ្សេងទៀតបានរកស៊ីលក់អង្ករឲ្យកងទ័ពវៀតកុងនៅព្រំដែនកម្ពុជា-វៀតណាម នៅតាមទន្លេចាម។ ឪពុករបស់ខ្ញុំបានទិញអង្ករដែលឈ្មួញដឹកមកពីក្រុងកំពង់ចាម ក្រុងសួង ដោយក្នុងមនុស្សម្នាក់អាចទិញអង្ករបានតែ២ទៅ៣បាវប៉ុណ្ណោះ ដើម្បីទុកលក់បន្ត។ របរលក់អង្ករនេះ ឪពុកខ្ញុំបានធ្វើដោយលួចលាក់ គឺគាត់ដឹកចេញទៅលក់នៅពេលយប់។ ខ្ញុំធ្លាប់បានឃើញកងទ័ពយៀកកុងចេញចូលក្នុងភូមិអញ្ឆញ បន្ទាប់មកបានធ្វើដំណើរបន្តចូលទៅ ស្រុកដំបែរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និង ស្រុកឆ្លូង ខេត្តក្រចេះ។ ខ្ញុំមិនធ្លាប់បានឃើញកងទ័ពវៀតកុងធ្វើបាបប្រជាជនទេ ប៉ុន្តែខ្ញុំបានឃើញទាហានធីវគី លួច ឆក់ ប្លន់ និងធ្វើបាបប្រជាជន។ នៅសម័យនោះ ទាហានធីវគីបាននិយាយថា ប្រជាជនខ្មែរគឺមានសម្បុរខ្មៅ ចំណែកអ្នកដែលមានសម្បុរស គឺជាកងទ័ពវៀតកុង ដូច្នេះត្រូវតែចាប់ធ្វើទារុណ និងសម្លាប់ចោល។ ស្រីៗដែលមានរូបសម្រស់ស្អាតមួយចំនួនក៏ត្រូវបានទាហានធីវគីចាប់រំលោភ និងធ្វើបាបដែរ។ ឃើញដូច្នេះប្រជាជនមួយចំនួនបានរត់ទៅចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហមវិញ។ ពេលនោះឈ្មោះភូមិមួយក៏ត្រូវបានផ្លាស់ប្តូរឈ្មោះដែលដូចជាភូមិអញ្ឆញដែលចាស់ៗបានហៅតាមឈ្មោះអូរតូចមួយស្ថិតនៅក្នុងភូមិ។ នៅក្នុងអំឡុងឆ្នាំ១៩៧៤ កម្មាភិបាលខ្មែរក្រហមម្នាក់ឈ្មោះ សេង គឺជាប្រធានយុវជនស្រុកត្រមូងប្រចាំការនៅភូមិអញ្ឆញ និងជាអ្នកដើរឃោសនាប្រជាជននៅក្នុងភូមិ តែងតែលើកឡើងថា ឈ្មោះភូមិអញ្ឆញៗ គឺគាត់ពិបាកហៅដោយសារតែសំនៀង។ មានថ្ងៃមួយ សេង និងកងឈ្លបខ្មែរក្រហមម្នាក់ទៀតបានទៅបេះក្រូចថ្លុងនៅដីចម្ការ បន្ទាប់មកបានដើរចុះងូតទឹកនៅព្រែកទន្លូង ពេលនោះក៏ឃើញថ្មដុះនៅចំកណ្តាលព្រែក និងមានទឹកហូរអមសងមើលទៅហាក់ដូចជាកោះ។ ក្រោយមក សេង ក៏បានហៅកម្មាភិបាល យុទ្ធជន និងប្រជាជននៅក្នុងភូមិមកប្រជុំគ្នាដើម្បីប្ដូរឈ្មោះ ពីភូមិអញ្ឆញមកភូមិកោះថ្ម និងជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃ។
បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ភូមិរបស់ខ្ញុំនៅហូបបាយតាមផ្ទះរៀងខ្លួននៅឡើយ។ រហូតដល់ឆ្នាំ១៩៧៦ ទើបអង្គការប្រមូលប្រជាជនឲ្យហូបបាយរួមនៅក្នុងសហករណ៍។ កាលនោះតំបន់ដែលខ្ញុំរស់នៅគឺអង្គការបានចាត់ឈ្មោះ តាចែម ធ្វើជាប្រធានឃុំ, ឈ្មោះតាពាល ធ្វើជាប្រធានភូមិ និងឈ្មោះ តាហែ ធ្វើជាអនុភូមិ។ ការងាររបស់ខ្ញុំពេលនោះគឺអង្គការចាត់តាំងឲ្យចូលកងចល័ត ធ្វើស្រែ និងលើកទំនប់។
នៅអំឡុងឆ្នាំ១៩៧៧ ប្រធានឃុំដើរជ្រើសរើសយោធាស្រុកនៅតាមភូមិ ដោយក្នុងមួយភូមិត្រូវជ្រើសរើសយកមនុស្ស៣នាក់។ នៅក្នុងសម័យនោះឃុំទន្លូងមាន៣ភូមិ ដូច្នេះយោធាដែលរើសចេញពីឃុំទន្លូងមាន៩នាក់។ ក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសនោះក៏មានឈ្មោះខ្ញុំដែរ។ ខ្ញុំបានផ្លាស់ពីកងចល័តមកធ្វើជាយោធាស្រុក ដែលមានប្រធានយោធាស្រុកឈ្មោះ សឿន, គណៈស្រុកឈ្មោះ ស្រេង និងអនុស្រុកឈ្មោះ ព្រឿង។ ចាប់តាំងពីពេលនោះមកខ្ញុំក៏បានបែកពីឪពុកម្ដាយខ្ញុំ។
នៅចុងឆ្នាំ១៩៧៧ ឬដើមឆ្នាំ១៩៧៨ ប្រជាជនភូមិកោះថ្ម ត្រូវបានជម្លៀសឲ្យមករស់នៅតុំឡំ ឬហៅថាស្រែទូលាយ ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីភូមិកោះថ្ម។ នៅក្នុងពាក់កណ្តាលឆ្នាំ១៩៧៨ កងទ័ពមជ្ឈិមបានចុះមកចាប់ថ្នាក់ដឹកនាំស្រុក ឃុំ និងភូមិ ចំណែកប្រជាជនកោះថ្មត្រូវបានជម្លៀសពីស្រែទូលាយទៅរស់នៅភូមិអាលួចក្នុងស្រុកស្នួល តំបន់ស្វយ័ត៥០៥ ឬតំបន់ក្រចេះ វិញ។ នៅភូមិអាលួចនោះ ប្រជាជនមិនមានរបបអាហារហូបចុកគ្រប់គ្រាន់ទេ គឺហូបតែបបរប៉ុណ្ណោះ ហើយថែមទាំងកម្មាភិបាលខ្មែរក្រហមនៅមូលដ្ឋានបានចោទប្រជាជនទាំងនោះថា «ក្បាលយួន ខ្លួនខ្មែរ» ទៀត។ ឪពុករបស់ខ្ញុំ និងប្រជាជនដែលបានជម្លៀសពីភូមិកោះថ្មមកនៅភូមិអាលួចបានស្លាប់អស់ជាច្រើនដោយសារអត់អាហារ និងធ្វើការហួសកម្លាំង។
ក្រោយពីឈប់ធ្វើយោធា ខ្ញុំត្រូវបានជម្លៀសទៅភូមិអាលួចដែរ។ នៅទីនោះគឺជាព្រៃ ដូច្នេះប្រជាជនត្រូវកាប់គាស់គល់ឈើដើម្បីរានដីធ្វើស្រែ។ ខ្ញុំរស់នៅភូមិអាលួចបានមួយរយៈ ខ្មែរក្រហមបានជម្លៀសខ្ញុំមកនៅស្រុកចម្ការលើ តំបន់៤២វិញ។ នៅទីនោះ កម្មាភិបាលខ្មែរក្រហមបានបែងចែកប្រជាជនទៅតាមក្រុមផ្សេងៗគ្នា។ ខ្ញុំនៅខាងក្រុមបេះផ្លែកប្បាស។ ខ្ញុំត្រូវភ្ញាក់នៅម៉ោង៤ភ្លឺដើម្បីហូបបាយ ហើយម៉ោង៦ត្រូវចេញទៅធ្វើការ។ នៅវេលាថ្ងៃត្រង់ខ្ញុំឡើងមកហូបដំឡូង រួចហើយធ្វើការបន្តរហូតដល់ល្ងាចម៉ោង៦ទើបបានហូបបាយ។
ខ្ញុំធ្វើការនៅចម្ការលើបានរយៈពេលមួយខែ កងទ័ពវៀតណាមបានវាយចូលមកដល់។ ខ្ញុំបានរត់ភៀសខ្លួនទៅដល់ខាងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ពេលនោះកងទ័ពរបស់វៀតណាម បានបែងចែកកងកម្លាំងទៅតាមទិសដៅ ខេត្តកំពង់ធំ ស្គន់ ភ្នំពេញ និងកំពង់ឆ្នាំង។ កងទ័ពវៀតណាមប្រកាសប្រាប់ប្រជាជនឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។ នៅតាមផ្លូវ ខ្ញុំមានការខ្វះខាតអាហារយ៉ាងខ្លាំង។ ខ្ញុំបានទៅបូតស្រូវទុំនៅតាមវាលស្រែយកមកបុករែងយកអង្ករ មកដាំបាយហូប ដើម្បីបន្តដំណើរទៀត។ ខ្ញុំបានចំណាយរយៈពេលប្រាំពីរថ្ងៃទើបមកដល់ផ្ទះ។ ខ្ញុំបានជួបម្ដាយនិងប្អូនៗនៅស្រុកចម្ការលើ និងបានត្រឡប់មកស្រុកកំណើតជាមួយគ្នា។ យើងបាននាំគ្នាកាប់ឆ្ការព្រៃនៅក្នុងភូមិដើម្បីសង់លំនៅដ្ឋានឡើងវិញ៕