ដោយៈ សុផល/ភ្នំពេញៈផ្លូវថ្នល់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដែលទទួលរងការខូចខាតនឹងត្រូវបានចាប់ផ្តើមជួសជុលក្នុងពេលឆាប់ៗខាងមុខនេះ។នេះបើតាមប្រភពរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
សូមជម្រាបថាក្រោយពីស្ថានភាពជំនន់ទឹកភ្លៀងបានធូរស្រាល ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តាខេត្ត បានសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងចុះពិនិត្យស្ថានភាព និងវាយតម្លៃផលប៉ះពាល់ផ្លូវថ្នល់ ដែលរងគ្រោះពីជំនន់ទឹកភ្លៀង។


ការចុះត្រួតពិនិត្យនេះ ដើម្បីចាត់វិធានការដោះស្រាយបន្ទាន់ ការលើកគម្រោងស្ដារ ជួសជុល លើកកម្រិតផ្លូវថ្នល់ សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ក៏ដូចជា បង្ការហានិភ័យ ដែលអាចកើតមានដោយជំនន់ទឹកភ្លៀងបង្កដោយបម្រែបម្រួលអាកាសធាតុ នៅពេលអនាគតខាងមុខ។
ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូនជាច្រើនរូបដោយមានការចូលរួមពីមន្ត្រីជំនាញផងនោះ បានចុះពិនិត្យកំណាត់ផ្លូវក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកណ្តាល និងខេត្តមួយចំនួនទៀត៕




