ប្រែសម្រួលៈវាសនា/វីលមីងថុន,ដេឡាវ៉ែរ៖ បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានឈ្នះឆ្នោតនៅរដ្ឋសំខាន់២ គឺវីស្កុនស៊ីន និងមីឈីហ្គែនកាលពីថ្ងៃពុធទី០៤វិច្ឆិកាដោយដាក់រូបលោកខិតកាន់តែកៀកនឹងការទទួលបានតំណាងបោះឆ្នោត២៧០ ដើម្បីឈ្នះតំណែងប្រធានាធិបតីអាម៉េរិក ទោះជាយ៉ាងណាការប្រកួតប្រជែងនៅមិនទាន់ដឹងចាញ់ឈ្នះនៅឡើយទេ។
បន្ថែម១៦តំណាងនៅមីឈីហ្គែន និង១០នៅវីស្កុនស៊ីន លោកបៃដិនឥឡូវប្រមូលបានតំណាងបោះឆ្នោតតាមរដ្ឋសរុប២៦៤ ដោយសល់តែ៦ទៀតនឹងគ្រប់២៧០ នេះបើតាមប៉ាន់ស្មានរបស់បណ្តាញសារព័ត៌មានអាម៉េរិក។
ក្នុងពេលជាមួយគ្នា ក្រុមយុទ្ធនាការរបស់ត្រាំបាននិយាយថា ខ្លួននឹងស្វះស្វែងសុំរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋវីស្កុនស៊ីន និងប្តឹងទៅតុលាការអោយបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅមីឈីហ្គែន ព្រមទាំងផេនស៊ីលវេវនៀទៀត។
រដ្ឋអាឡាស្កា ចចជៀ ផេនស៊ីនវេនៀ ណេវ៉ាដា និងណត ខារ៉ូណឡាយណា នៅមិនទាន់ប្រកាសលទ្ធផលនៅឡើយទេ តែបើលោកបៃដិនឈ្នះតែរដ្ឋណេវ៉ាដាមួយទៀត វាអាចផ្តល់អោយលោកសម្លេង៦ទៀតដែលត្រូវការចាំបាច់ដើម្បីទទួលបានតំណែងប្រធានាធិបតី៕