ដោយៈវិវឌ្ឍន៍/ភ្នំពេញៈតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានឱ្យដឹងថា ត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៥ វិច្ឆិកា នេះ មានករណីជាសះស្បើយចំនួន៣នាក់ និងមិនមានករណីវិជ្ជមានថ្មីទេ។
ករណីជាសះស្បើយ ចំនួន ០៣នាក់ គឺ ១.បុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ បន្តជើងហោះហើរនៅទីក្រុងដូហា និង នៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០, ២.បុរសជនជាតិប៉ូឡូញអាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងទី៣.បុរសជនជាតិបារាំងអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់ )បានមកដល់កម្ពុជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ បុគ្គលទាំងបីនាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយឡែក អ្នកប៉ះពាល់ជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី
ក្រោយពីទទួលបានសេចក្តីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ របស់ឯកឧត្តមរដ្ឋមន្ត្រី ការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្មផ្លូវការនៅ ព្រះរាជាណាចក្រថៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវ ភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយគាត់ ក្នុងរយៈពេលដែលបានធ្វើទស្សនកិច្ចផ្លូវការនៅរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ហើយបាននិងកំពុងយកវត្ថុសំណាកអ្នកដែលប៉ះពាល់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គិតត្រឹមម៉ោង២៣:០០នាទីយប់ប៉ុន្តែថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាល់សរុបចំនួន ៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាកដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ហើយក្រសួងកំពុងបន្តការស្រាវជ្រាវ និងជម្រាបជូនសាធារណជន នៅពេលទទួលបានលទ្ធផលវិភាគវត្ថុសំណាកជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា នៅកម្ពុជាមានចំនួនអ្នកព្យាបាល ជាសះស្បើយពីវីរុសកូវីដ-១៩ ទូទាំងប្រទេស សរុប២៨៦នាក់ (ស្មើនឹង ៩៧,៩៥% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៥៧នាក់ និងបុរស ២២៩នាក់។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្រី្ត ៦០នាក់ និងបុរស ២៣២នាក់ ) ។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៦នាក់ (បុរសជន ជាតិខ្មែរ ០៣នាក់ ស្ត្រីជនជាតិខ្មែរ ០២នាក់ និងស្ត្រីជនជាតិបារាំង ០១នាក់) ។
ក្រសួងសុខាភិបាល បានក្រើនរំលឹក និងអំពាវនាវសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនត្រូវពាក់ម៉ាស់ក្នុងករណីចាំបាច់ជាពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើន ប្រើកន្សែង ឬក្រម៉ាខ្ទប់មាត់ពេលក្អក កណ្តាស់ សម្អាតដៃជាប់ជាប្រចាំ រក្សាសុវត្ថិភាពសង្គម និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ដើម្បីចៀសវាងការចម្លងវីរុសកូវីដ-១៩ ៕

