ប្រែសម្រួល : កញ្ញាដាលីស/ប៊ុយណូស៊ែរ, អាហ្សង់ទីន ៖ វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់គាត់និយាយថា លោក ឌីហ្គោ ម៉ារ៉ាដូណា កំពុងធូរស្បើយកាលពីថ្ងៃពុធទី៤វិច្ឆិកា បន្ទាប់ពីការវះកាត់សម្រាប់ការហូរឈាមនៅក្នុងលលាដ៍ក្បាល។
វេជ្ជបណ្ឌិត លីអូផូលដូ លូកេ អ្នកជំនាញខាងសរសៃប្រសាទ ដែលបានធ្វើការវះកាត់កាលពីថ្ងៃអង្គារ បាននិយាយថា លោកម៉ារ៉ាដូណាមានជំងឺដុំឈាមកកនៅក្នុងស្រោមខួរក្បាល ដែលជាការប្រមូលផ្តុំឈាមនៅចន្លោះភ្នាសនិងខួរក្បាលរបស់គាត់។
លោកលូកេ ដែលរៀបរាប់អំពីការវិវត្តក្រោយការវះកាត់ថា “ល្អប្រសើរ” បាននិយាយថា “គាត់គ្មានផលវិបាកអ្វីដែលទាក់ទងនឹងការវះកាត់នោះទេ”។
លោកលូកេនិយាយថា បញ្ហានេះទំនងជាបណ្តាលមកពីឧបទ្ទវហេតុណាមួយ ប៉ុន្តែម៉ារ៉ាដូណានិយាយថា គាត់មិនចាំព្រឹត្តិការណ៍នោះសោះឡើយ។
លោកលូកេនិយាយយ៉ាងប្រយ័ត្នប្រយែងអំពីពេលដែលម៉ារ៉ាដូណាអាចចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយនៅសង្កាត់ឡាផ្លាតានៅជាយក្រុងប៊ុយណូស៊ែរ ដោយនិយាយថា ការវិវឌ្ឍគឺចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ប៉ុន្តែលោកវេជ្ជបណ្ឌិតនិយាយថា ម៉ារ៉ាដូណាសើចនិងចាប់ដៃគាត់ នៅពេលគាត់ដកបំពង់បង្ហូរចេញ៕