ដោយៈ ឆាយានាថ / ភ្នំពេញៈ កម្លាំងជំនាញ នៃអធិការដ្ឋាន នគបាលខណ្ខមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១ យប់ បានល្បាតត្រួតពិនិត្យ តាមបណ្ដាយផ្លូវព្រះមុនីរ៉េត លុះដល់មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ក៏បានឃាត់ជនសង្ស័យ ពីរនាក់ ជិះម៉ូតូ១គ្រឿង ម៉ាក់ហុងដា វ៉េវ ពណ៌ខ្មៅ ក៏ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លាចំនួន ១០ កញ្ចប់តូច និង១កញ្ចប់ធំ លាក់ទុកនៅក្នុងហោប៉ៅខោ របស់ឈ្មោះ វ៉ាន់ ធី ។ ជនសង្ស័យ ឈ្មោះ វ៉ាន់ ធី បានសារភាពថា យកថ្នាំញៀនទាំងអស់នេះ គឺយកទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗនោះ ជនសង្ស័យ សុខ លីន ក៏បាន ដើរចេញមកពីក្នុងវត្ត សមត្ថកិច្ច ក៏បានឃាត់ខ្លួន យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលតែម្ដង ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យ បានថ្លែងប្រាប់ថាៈ ក្រោយពីស្តាប់ចម្លើយសារភាពរួច កម្លាំងសមត្ថកិច្ច ក៏បានបន្ត ទៅឆែកឆេរ នៅបន្ទប់ជួល លេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និងឈ្មោះ ហុង បូរី ក៏បានត្រួតពិនិត្យឃើញ ក្រាមសថ្លា ចំនួន ៩ កញ្ចប់ធំ បន្ថែមទៀត ។
ជាក់ស្តែង ជនសង្ស័យចំនួន បួននាក់នោះ រួមមានៈ ១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ និង២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល លេខ១៦ ជាមួយគ្នា , ៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅវត្តនន្ទមុនី និង ៤-ឈ្មោះ ហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវលំ ។ ជនសង្ស័យទាំងបួននាក់នេះ មានមុខរបរ មិនពិតប្រាកដ ដូចគ្នា និងរស់នៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានដកហូតវត្ថុតាង និងសម្ភារ រួមមានៈ គ្រឿងញៀន ប្រភេទក្រាមពណ៌សថ្លា ចំនួន ២០ កញ្ចប់ (១០កញ្ចប់ធំ និង ១០កញ្ចប់តូច) , ជញ្ជីងអេឡិចត្រូនិក១ , សំបកថង់ពណ៌លឿង១ , កូនថង់ប្លាស្ទិកមួយចំនួន , ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , ទូរស័ព្ទដៃ ២គ្រឿង និង ម៉ូតូ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1241 ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋានគបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

