ដោយៈប.ខុន / ភ្នំពេញៈ នៅរដ្ឋបាលជលផល ខេត្តកណ្តាល ក៏មានប្រជានេសាទ សុំជួលគន្លង ដាយត្រី ធ្វើអាជីវកម្ម សម្រាប់ពីឆ្នាំ ២០១៩-២០២០ និងឆ្នាំ ២០២០-២០២១ ដែរ បន្ទាប់ពីទឹកទន្លេទាំងបួន បានងើបឡើងបន្តិច ហូរចូលព្រែក និងបឹង នៅចុងរដូវវស្សា ដោយគេសង្កេតឃើញមាន កូនត្រីសម្រាប់ធ្វើប្រហុក ផ្អក ច្រើនរួចមក។
លោក ហេង សុធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅក្នុងការដេញថ្លៃ ជួលគន្លងដាយ ត្រីធ្វើអាជីវកម្ម សម្រាប់ពីឆ្នាំ ២០១៩-២០២០ និងឆ្នាំ ២០២០-២០២១ និងនៅក្នុងការ ប្រកាសដាក់ឱ្យជួល កន្លងទៅ គ្មានអ្នកដេញថ្លៃ និងគ្មានអ្នកជួលទេ ដោយសារទឹក ទន្លេ ឡើងយឺតពេល និងទាបពេក ដោយមកដល់ ជាងពាក់កណ្តាល រដូវវស្សាទៅហើយ ទឹកនៅតែមិនទាន់ មានហូរចូលព្រែក និងបឹង។

នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បានបញ្ជាក់ថា គន្លងដាយត្រី ដែលត្រូវដាក់ឱ្យដេញថ្លៃ និងជួលនៅខេត្តកណ្តាល សម្រាប់ធ្វើអាជីវកម្ម ពីឆ្នាំ ២០១៩-២០២០ និងឆ្នាំ ២០២០-២០២១ មានចំនួន ២៦ គន្លងដាយ មានប្រជានេសាទ សុំជួលនៅក្រោយ ពេលបិទការដេញថ្លៃ និងការដាក់ឱ្យជួល ចំនួនពីរគន្លងដាយត្រី បន្ទាប់ពីគេឃើញ ទឹកទន្លេឡើង ហូរចូលព្រែក និងបឹងមួយចំនួន នៅចុងរដូវវស្សា រហូតដល់មានជា ទឹកជំនន់ នៅខេត្ត ជុំវិញបឹងទន្លេសាប រួចមក។
លោក ហេង សុធារិទ្ធ បានឱ្យដឹងទៀតថាៈ កន្លងទៅនេះ គ្មានអ្នកណា រំពឹងថា ទឹកទន្លេ បានឡើងបែបនេះទេ ព្រោះចុងរដូវវស្សា ណាស់ទៅហើយ។ តែបើ និយាយពីការបង្ក្រាបវិញ រដ្ឋបាលជលផល ខេត្តកណ្តាល បានប្រឹងប្រែងគ្រប់រូបភាព ដោយមានសហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីការពារពូជត្រី នៅតាម បឹង និងកន្លែងអភិរក្ស ដែលមានទឹកសល់តិចតួច ក្នុងរដូវវស្សា និងបានធ្វើការយ៉ាងខ្លាំងក្លា ពេលមានទឹកហូរ ចូលតាមព្រែក នៅចុងរដូវវស្សានេះ។

ប្រធានខណ្ឌរដ្ឋបាលជលផល បាននិយាយទៀតថាៈ ទឹកទន្លេ ពីកណ្តាលរដូវវស្សា ពិតជាទាបមែន តែមានកូនត្រីច្រើន មិនត្រូវបានបំផ្លាញ ដោយឧបករណ៍ លូស្បៃមុងទេ ព្រោះកូនត្រី ច្រើនមានតែនៅក្នុងទន្លេ រហូតដល់ចុងរដូវ ទើបមានទឹកហូរចូលព្រែក និងបឹង ដោយនាំទៅជាមួយ នូវកូនត្រី សម្រាប់ធ្វើប្រហុក ផ្អក។ នៅក្នុងពេលទឹកចាប់ផ្តើមហូរចូលព្រែក កម្លាំងជលផល បានចេញធ្វើការបង្ក្រាប យ៉ាងសកម្មបំផុត ចំពោះការដាក់របាំងស្បៃមុង នៅតាមព្រែក និង បឹងនានា ក្នុងខេត្តកណ្តាល។ រដូវបើកនេសាទ តាមគន្លងដាយ បានមកដល់ហើយ មន្ត្រីជំនាញ បានចុះកំណត់ទីតាំង មាត់ដាយ ដែលជួលពីឆ្នាំមុន និងឆ្នាំនេះ រួចរាល់ហើយដែរ៕
