ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ ឱសថអន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ រួមមាន ផលិតផលឱសថ គ្រឿងសំអាង ថ្នាំកសិកម្មបារីអេឡិចត្រូនិកផលិតផលប្រើប្រាស់និងគ្រឿងឧបភោគបរិភោគជាង៥៤០តោនត្រូវបានដុតបំផ្លាញចោលនៅទីលានចាក់សំរាមដង្កោ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះក្រោមអធិបតីភាពលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានថ្លែងថា នេះជាលើកទី ៩ ហើយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានធ្វើពិធីកម្ទេចផលិតផលក្លែងក្លាយនានាជាពិសេសផលិតផលដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិត អ្នកប្រើប្រាស់តែម្តង។ លោកបន្តថា ផលិតផលក្លែងក្លាយត្រូវបានចាត់ទុកជាបទល្មើស និងពាក់ព័ន្ធជាមួយបទឧក្រិដ្ឋឆ្លងដែន ដែលធ្វើអោយខាតបង់ដល់វិស័យសេដ្ឋកិច្ចជាតិ។ ចំពោះជនណាដែលប៉ុនប៉ង និងមានចេតនាលួចលាក់ ផលិត ចរាចរ ចែកចាយ របស់ខុសច្បាប់ដែលបង្កមហន្តរាយដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋក៏ដូចជា អ្នកនៅពីក្រោយផ្សំគំនិត ដរាបនោះគណៈកម្មាធិការនៅតែប្រកាន់ជំហរបង្ក្រាបនិងនាំយកជនល្មើសឬអ្នកដែលបំពានមកប្រឈមនឹងផ្លូវច្បាប់ជាធរមាន។

លោក មៀច សុផាន់ណា បញ្ជាក់ថា ទស្សនៈវិស័យ និងបេសសកម្មរបស់គណៈកម្មាធិការ គឺមិនត្រឹមតែបាននឹងកំពុងការពារ និងលើកស្ទួយ សុខុមាលភាពប្រជាជនប៉ុណ្ណោះទេ ហើយថែមទាំងធ្វើឲ្យអ្នកវិនិយោគទាំងឡាយ នាំគ្នាគោរពច្បាប់ និង នាំចំណូលបង្កើនពន្ធជូនរដ្ឋ ដែលនេះជាយន្តការនិងកិច្ចការបង្កលក្ខណៈឲ្យមានការរកស៊ីប្រកួតប្រជែងដោយ ត្រឹមត្រូវ ស្របច្បាប់ ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ក៏ដូចជាផ្តល់ទំទុកចិត្តដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសបង្កើត ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី ៤ របស់ រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ដើម្បីសម្រេចគោលបំណង និងគោលដៅជាយុទ្ធសាស្ត្រ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុងនាមខ្ញុំជាប្រធានគណៈកម្មាធិការ ខ្ញុំនឹងបន្តកិច្ច ខិតខំប្រឹងប្រែងនេះឲ្យអស់ពីកម្លាំងកាយចិត្ត ដោយពួតដៃគ្នាជាមួយស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឲ្យការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រមុខដឹកនាំ និងណែនាំផ្ទាល់ ឲ្យទទួលបានជោគជ័យថ្មីបន្ថែមទៀត ហើយគណៈកម្មាធិការនៅតែកោតសរសើរនិងថ្លែងអំណរគុណដល់ក្រសួងជាដៃគូភាគី ស្ថាប័ន និង កំលាំងមានសមត្ថកិច្ច ពាក់ព័ន្ធរបស់គណៈកម្មាធិការ ដែលបានចូលរួមសហការ ក្នុងកិច្ចប្រឹងប្រែងបំរើការពារ ផលប្រយោជន៍ជាតិ និងប្រជាជន។ យើងនឹងកាន់ដៃគ្នាហើយបន្តដំណើរទៅមុខទាំងអស់គ្នាទៀត ដោយផ្អែក លើស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមមួយចំពោះសង្គមជាតិ (រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងជោគជ័យទាំងអស់គ្នា)៕សរន


