ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ការធ្វើដំណើរ និងដឹកជញ្ជូន របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ទៅកាន់សង្កាត់ ២ គឺសង្កាត់ភ្នៀត និងសង្កាត់កោះពងសត្វ នាទិសខាងកើត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅតែធ្វើចរាចរណ៍តាមទូក ក៏ប៉ុន្តែបានបង្វែរកាត់តាម វាលស្រែ មួយចំនួន ព្រោះទឹកស្រកចុះ រាក់ ដោយមកកាត់តាមស្ទឹងសិរីសោភ័ណវិញ។ នេះបើតាមលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់កាសែត រស្មីកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
លោកអភិបាលក្រុង និងសហការី បានចុះពិនិត្យស្ថានភាពទឹកសម្រក និងជីវភាពពលរដ្ឋ នៅសង្កាត់ទាំង ២ នោះ ហើយនៅពេលដ៏ខ្លីខាងមុខ ការធ្វើដំណើរ និងការដឹកជញ្ជូន ទៅកាន់ សង្កាត់ទាំង ២ អាចនឹងធ្វើតាមផ្លូវគោក សងខាងស្ទឹងសិរីសោភ័ណ និងផ្លូវកាត់វាលស្រែ ទៅកាន់ផ្លូវជាតិលេខ៦ និងត្រង់មកប្រជុំជនក្រុង ឡើងវិញ ព្រោះទឹកជំនន់បានស្រកចុះ ច្រើនហើយ ។
ទោះយ៉ាងណា ក្នុងអំឡុងទឹកជំនន់ កន្លងមក ការធ្វើដំណើរ និងដឹកជញ្ជូន ទៅកាន់សង្កាត់ទាំង២ អាចធ្វើតាមផ្លូវគោកដែរ គ្រាន់តែមានការលំបាក ដោយអន្លើ ហើយវាងឆ្ងាយបន្តិច គឺធ្វើតាមផ្លូវ ខេត្ត មង្គលបូរី -អង្គាបុស្ប (កោះពងសត្វ) ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ វិច្ឆិកា រដ្ឋបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង រួមនឹងសមាជិក ក្រុមប្រឹក្សាក្រុង បានអញ្ជើញចុះពិនិត្យមើល ស្ថានភាពទឹកស្រក ក្នុងភូមិសាស្ត្រ សង្កាត់ភ្នៀត និងសង្កាត់កោះពងសត្វ។
លោកបានណែនាំ ទៅដល់អាជ្ញាធរសង្កាត់ ភូមិ និងពលរដ្ឋ ក្នុងរដូវទឹកសម្រក ត្រូវរិះរកវិធី សាស្ត្រ រក្សាទឹកបរិភោគ ទុកប្រើប្រាស់ ទុកស្រោចស្រព នៅរដូវប្រាំង នាពេលខាងមុខ ពោលគឺកុំអោយទឹកជំនន់លិច ហើយដល់ទឹកស្រក និងខែប្រាំង ជួបគ្រោះរាំងស្ងួតដឹកទឹក ចែកទៀត ។
សូមរំលឹកថា តាំងពីសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២០ កន្លងមក ទឹកជំនន់ បានបង្កលិចលង់ ភូមិឋាន និងផ្លូវថ្នល់ដែលភ្ជាប់ ពីប្រជុំជនក្រុងសិរីសោភ័ណ ទៅសង្កាត់ទាំង២ ។ ហេតុនេះ ការធ្វើដំណើរ និងដឹកជញ្ជូននានា ត្រូវធ្វើតាមផ្លូវទឹក ៕PC






