ដោយៈ ចាន់តូ / ភ្នំពេញៈ បុរស ជាមេជាងសំណង់ម្នាក់ បានដេកស្លាប់ ក្នុងការដ្ឋានសំណង់ ផ្ទះល្វែង ហើយត្រូវបានកម្មករ ប្រទះឃើញ បង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបន្ទប់ ក្នុងការដ្ឋានសំណង់ផ្ទះល្វែង ផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
តាមសម្តីកម្មករ បានឲ្យដឹងថាៈ មុនភ្ញាក់ផ្អើល មេជាងសំណង់ ចូលដេកសម្រាកធម្មតា ក្នុងបន្ទប់ ខាងក្នុងផ្ទះល្វែង កំពុងសាងសង់ គ្មានអ្នកណា ចាប់អារម្មណ៍ លុះរហូតដល់ព្រឹក ថ្ងៃទី៥ វិច្ឆិកា កម្មករផ្សេងទៀត ក្រោកនាំគ្នាធ្វើការអស់ហើយ នៅឡើយមេជាង មិនទាន់ឃើញក្រោកសោះ ទ្វារបន្ទប់នៅបិទ ដល់វេលាម៉ោង ៨ ព្រឹក កម្មករចុចទូរស័ព្ទចូល តែមិនលើក ទើបមិនអស់ចិត្ត រុញទ្វារ ដាស់ហៅ ទើបដឹងថា ជនរងគ្រោះ ដេកស្លាប់ ក្នុងមុងបាត់ ហើយនាំគ្នាឆោឡោ រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យមើលជាក់ស្តែង ។
តាមប្រភពកម្មករផ្សេងទៀត បានឲ្យដឹងថាៈ ម្ចាស់ផ្ទះ ម្ចាស់សំណង់ ឈ្មោះ សុខ សំណាង នៅជំពាក់លុយជនរងគ្រោះ ជាង ២ ពាន់ដុល្លារ ហើយឲ្យជនរងគ្រោះ វិលទៅផ្ទះ តែគាត់មិនទៅ ស៊ូដេករង់ចាំ យកលុយឈ្នួល រហូតដល់ម្ចាស់ផ្ទះ ព្យាយាមគេចវេស ម្តងប្រាប់ថា ទៅប្រទេស ចិន ម្តងប្រាប់ថា ជាប់រវល់នៅឯក្រុងតាខ្មៅ ខេត្តកណ្តាល នៅសល់តែកម្មករ ចេះតែនាំគ្នាធ្វើការ មិនទាន់បានលុយឈ្នួលផង មេជាងខ្យល់គ ស្លាប់បាត់ ។
នៅព្រឹកភ្ញាក់ផ្អើលនេះ សមត្ថកិច្ច ចុះទៅសាកសួរ តែរកម្ចាស់ផ្ទះ ម្ចាស់សំណង់ មិនឃើញ សាច់ញាតិសព ក៏គ្មាន រហូតមកដល់ វេលាម៉ោង ១១ ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ច នៅបន្ត ស្រាវជ្រាវ សព ក៏មិនទាន់យកទៅណាដែរ ៕PC




