Home ព័ត៌មានជាតិ នយោបាយ "​សម្តេចព្រះ​...

“​សម្តេចព្រះ​មហាក្សត្រី សាក្សី​ប្រវត្តិសាស្ត្រ នៃ​ចំណងមិត្តភាព កម្ពុជា​-​ចិន​”

ដោយ : Royal du Cambodge/​ភ្នំពេញ​: ចាប់តាំងពី​ការបង្កើត​ចំណងមិត្តភាព​ជា​ផ្លូវការ​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅក្នុង​ឆ្នាំ​១៩៥៨ ក្រោយពី​មាន​ជំនួប នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ក៏​ខ្ពង់ខ្ពស់​បំផុត ជាមួយ ឯកឧត្តម ជូ អេ​ន​ឡាយ នាយករដ្ឋមន្ត្រី​ចិន ក្នុង​ស​ន្និ​សី​ទីក្រុង​បាន​ឌុ​ង ស្តីពី​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​និង​ក្រោយពី​មានដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​ក្នុងអំឡុង​ឆ្នាំ ១៩៥៦ ដែល​អ្វីៗ​ទាំងអស់​នេះហើយ បាន​បន្សល់ទុក​នូវ​ព្រះរាជ​គំរូ​វីរភាព​ដ៏​ឧត្តុង្គឧត្តម និង​ចំណងមិត្តភាព​ដ៏​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​ចំពោះ​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ជំនួយ​ដ៏​សប្បុរស នៃ​មហា​ប្រជាជន​ចិន ដូច​ទៅនឹង​ការលើកឡើង​របស់ ឯកឧត្តម​ប្រធានាធិបតី​ស៊ី​ជីន​ភីង​( Xi JinPing) ដែល​បាន​ថ្លែង​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ថា ” ផឹកទឹក មិន​ភ្លេច​ដល់​អ្នក​ជីក​អណ្តូង …. ហើយ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​… ព្រះ​អង្គជា​អ្នក​ជីក​អណ្តូង “​។​

“​សម្តេចព្រះ​មហាក្សត្រី សាក្សី​ប្រវត្តិសាស្ត្រ នៃ​ចំណងមិត្តភាព កម្ពុជា​-​ចិន​”(រូបឯកសារ)

​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះអង្គ​បានរួម​ចំណែក​ដ៏​សំខាន់បំផុត ជាមួយ សម្តេចព្រះ​វររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ឯកឧត្តម ជូ អេ​ន​ឡាយ ក្នុងនាម លោក​ប្រធាន ម៉ៅ សេទុង និង​មហា​ប្រជាជន​ចិន ក្នុង​ការកសាង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ និង​បាន​ចូលរួម​បន្ត​ថែរក្សា ជាមួយនឹង​ថ្នាក់ដឹកនាំ​កំពូលៗ​ចិន​រហូតមក​ដល់ពេល​ប​ច្ចប្ប​ន្ន​ហើយ​ព្រះអង្គ​នៅតែ​គង់​ជា​សាក្សី​ដ៏​សំខាន់​ក្នុង​ដំណើរ​ប្រវត្តិសាស្ត្រ​ជាង ៧០​ឆ្នាំ​កន្លងមកនេះ ។ ក្នុង​ព្រះបរមនាម​ជា ព្រះ​មហេសី នៃ​ព្រះប្រមុខរដ្ឋ នៃ​ប្រទេសមួយ ព្រះអង្គ បាន​គាល់​បម្រើ និង​រួមចំណែក​យ៉ាង​ក្លៀវក្លា ជាមួយ សម្តេចឪ ក្នុង​ការទទួល​ស្វាគមន៍​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​ប្រទេស​ចិន មកកាន់​កម្ពុជា ជាពិសេស​ក្រោយ​ពេលដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា​មានការ​ប្រែប្រួល​យ៉ាងខ្លាំង ចំពោះ​ការ​ប្រឈម​ក្រោយ​រដ្ឋប្រហារ ថ្ងៃទី ៨ មីនា ធ្វើ​ឲ្យ ព្រះអង្គ​ទាំង​ទ្វេ ត្រូវ​ភៀស​ព្រះកាយ​ទៅ​គង់នៅ​ទីក្រុង​ប៉េកាំង ។ នៅក្នុង​ជីវិត​និរទេស​នាទី​ក្រុង​ប៉េកាំង ព្រះអង្គ បាន​បំពេញ​ព្រះរាជតួនាទី​ជា​ព្រះរាជ​លេខាធិការ​ផ្ទាល់ របស់ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដោយ ព្រះអង្គ បាន​ជួយ​រៀបចំ​លិខិត​ឆ្លងឆ្លើយ​លិខិត​ឯកសារ​ផ្សេងៗ​ការ​ស្រង់​ព័ត៌មាន​និង​ការកត់ត្រា​ទុក​នូវ​ព័ត៌មាន​លើ​ទំព័រ​កាសែត​ដែល​ទាក់ទង​និង​សភាពការណ៍​នៃ​ប្រទេស​កម្ពុជា និង​បំពេញ​ព្រះរាជតួនាទី​ជា​ព្រះប្រធាន​កាកបាទក្រហមកម្ពុជា នៅក្រោម​ក្របខណ្ឌ​នៃ​រាជរដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា ។ ព្រះអង្គ បាន​ផ្អាក​ព្រះរាជកិច្ច នៅពេល​សោយ​ក្រយា​ថ្ងៃត្រង់​តែប៉ុណ្ណោះ​បន្ទាប់ពី​គង់​សម្រាក​សោយ​ក្រយា​ថ្ងៃត្រង់​រួច ព្រះអង្គ បាន​បន្ត​ព្រះរាជកិច្ច​របស់​ទ្រង់​បន្តទៀត ។ នៅក្នុង​កិច្ច​សម្ភាស៍​ដ៏​កម្រ​បំផុត​របស់​ព្រះអង្គ នៅ​ខែកក្កដា ឆ្នាំ​១៩៧២ ព្រះអង្គ​មាន​ព្រះរាជ​សវនីយ៍​ថា ” កាលពីមុន យើង​មិនដែល​ស្គាល់​នយោបាយ​ទេ ។ យើង​មិនដែល​ចូលប្រឡូក​ក្នុង​នយោបាយ​ទេ​។ ព្រះរាជហឫទ័យ​ខ្វល់ខ្វាយ​របស់​យើង​តែមួយគត់​គឺ បេសកកម្ម​របស់​កាក​បាទ​ក្រហម និង​ភារកិច្ច​ផ្លូវការ​របស់​យើង ក្នុងនាម​ជា​ព្រះ​មហេសី នៃ​ព្រះប្រមុខរដ្ឋ​។ ” ព្រះអង្គ​បន្តទៀតថា​ចាប់តាំងពី​ពេល​មាន​រដ្ឋប្រហារ​មក​ព្រះអង្គ​ត្រូវ​បង្ខំ​ព្រះរាជហឫទ័យ​ចូលប្រឡូក​យ៉ាងសំខាន់​ក្នុង​សកម្មភាព​នយោបាយ ដោយ​ត្រូវខិតខំ​ស្វែងយល់​អំពី​កិច្ចការ​អន្តរជាតិ និង​ជាពិសេស កាលៈទេសៈ​នានា​ជុំវិញ​ប្រទេស​កម្ពុជា ។

“​សម្តេចព្រះ​មហាក្សត្រី សាក្សី​ប្រវត្តិសាស្ត្រ នៃ​ចំណងមិត្តភាព កម្ពុជា​-​ចិន​”(រូបឯកសារ)

​ព្រះអង្គ បាន​ដង្ហែ សម្តេចឪ យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅតាម​ខេត្ត​នានា​ជាច្រើន ទូទាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយមាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត​ពី​ថ្នាក់ដឹកនាំ​កំពូល​ចិន​គ្រប់​ជំនាន់ និង​មហា​ប្រជាជន​ចិន គ្រប់​ស្រទាប់វណ្ណៈ និង​ក្នុងជំនួប​នយោបាយ​សំខាន់ៗ​ជាច្រើន​រាប់មិនអស់​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ចិន​។ ស្ទើរតែ​ជា​រៀងរាល់​សប្តាហ៍​នៅ​ប្រទេស​ចិន ប្រជាជន​ចិន​គ្រប់រូប​តែងតែ​ស្តាប់លឺ​នូវ​ព្រះនាម ព្រះអង្គ ទាំង​ទ្វេ​តាមរយៈ​វិទ្យុជាតិ​ដែល​បានចេញ​ផ្សាយ​ពី​ព្រះរាជ​សកម្មភាព​នានា​របស់​ទ្រង់ ទើប​រហូតមក​ដល់ពេលនេះ​ប្រសិនបើ​គេ​និយាយ​ដល់​ប្រទេស​កម្ពុជា រឿង​ទី​១​ដែល​ប្រជាជន​ចិន​ស្គាល់ គឺ​ព្រះនាម សម្តេចព្រះ នរោត្តម សីហនុ ។ ឆ្លងកាត់​ទំនាក់ទំនង​ជាច្រើន​ឆ្នាំ ចាប់តាំងពី លោក​ប្រធាន ម៉ៅ សេទុង មក សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ត្រូវបាន​ថ្នាក់ដឹកនាំ​កំពូល​ចិន​ចាត់ទុកជា​សាក្សី​ដ៏​សំខាន់​សម្រាប់​ចំណងមិត្តភាព​ជា​ប្រវត្តិសាស្ត្រ​នេះ ហើយ​ថ្នាក់ដឹកនាំ​ចិន​គ្រប់​ជំនាន់​តែងតែ​ថ្វាយ​នូវ​ព្រះរាជ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​ឧត្តុង្គឧត្តម​ជាទីបំផុត ថ្វាយ​ចំពោះ ព្រះអង្គ ជាពិសេស​គ្រប់​ពេលដែល​ទ្រង់​គង់ប្រថាប់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​
​ក្នុង​បុព្វហេតុ​នៃ​ព្រះរាជកិច្ច​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នេះហើយ ទើប​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ថ្វាយ​គ្រឿង​ឥស្សរិយយស “​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​”​ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្ម​ស​ង្គ​ម​និយម​ចិន ការជំរុញ​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​បណ្តា​ប្រទេស​បរទេស និង​ការពារ​សន្តិភាព​ពិភពលោក ដើម្បី​ជា​កិច្ច​ថ្វាយ​នូវ​ការដឹងគុណ ក្នុងការ​ចូលរួមចំណែក​ដ៏​ធំធេង នៃ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ចំណងមិត្តភាព កម្ពុជា​-​ចិន​។ ព្រះរាជ​ពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស​ជា​ផ្លូវការ នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី​០៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ នា​វិមាន​មហា​ប្រជាជន​ចិន ដោយ ឯកឧត្តម​ប្រធានាធិបតី Xi JinPing ៕​សរន​

“​សម្តេចព្រះ​មហាក្សត្រី សាក្សី​ប្រវត្តិសាស្ត្រ នៃ​ចំណងមិត្តភាព កម្ពុជា​-​ចិន​”(រូបឯកសារ)
“​សម្តេចព្រះ​មហាក្សត្រី សាក្សី​ប្រវត្តិសាស្ត្រ នៃ​ចំណងមិត្តភាព កម្ពុជា​-​ចិន​”(រូបឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...