ដោយៈ រ៉ាម៉ន / ភ្នំពេញៈ បញ្ហាប្រឈមចំពោះមុខ ចំនួន ៦ មានដូចជា សុំជួយកសាង និងជួស ជុលអណ្ដូងលូ ស្ដារប្រឡាយ បង្ក្រាបល្បែងស៊ីសង សុំតភ្ជាប់បណ្ដាញអគ្គិសនី បណ្ដាញទឹក ស្អាត និងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុង ៥ សង្កាត់ នៃខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរ ជួយដោះស្រាយ ។
ប្រជាពលរដ្ឋ បានស្នើសុំអាជ្ញាធរបែបនេះ នៅក្នុងវេទិកាសាធារណៈ របស់ក្រុមប្រឹក្សារាជធានី កាលពីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភោជនីយដ្ឋាន ពិភពថ្មីសែនសុខ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ។
លោក លី សំណាង ជាប្រជាពលរដ្ឋ រស់នៅភូមិទ្រង់មាន់ សង្កាត់ទឹកថ្លា បានស្នើសុំឲ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ជួយស្ដារអណ្ដូងលូ ជាបន្ទាន់ ព្រោះបច្ចុប្បន្ន អណ្ដូងលូ នៅភូមិរបស់គាត់ ត្រូវបានដីហូរ ចូលពេញអស់ ហើយពេលភ្លៀង មកម្ដងៗ ទឹកហូអត់ទាន់ រួចលិចទឹក ដក់នៅ លើផ្លូវ ធ្វើឲ្យលិចដល់ផ្ទះ របស់គាត់ យូរថ្ងៃ ទើបស្រកទៅអស់ វាខុសកាលពី , បីឆ្នាំមុនពេល ភ្លៀងមកម្ដងៗ រយៈពេលតែកន្លះម៉ោងទឹកស្រក ទៅវិញអស់ហើយ។
ចំណែកអ្នកស្រី សុខ ផាន្នី ជាប្រជាពលរដ្ឋ រស់នៅភូមិវិមានទ្រង់ ក្នុងសង្កាត់ភ្នំពេញថ្មីក៏បានស្នើ សុំឲ្យអាជ្ញាធរ ជួយស្ដារប្រឡាយចាស់ព្រៃក្លា ក្នុងភូមិសែនសុខ១ និង ២ ដែលមានប្រវែង ប្រមាណជាង ១.៥០០ ម៉ែត្រ បច្ចុប្បន្ន ត្រូវបានគោករាក់អស់ហើយ ទឹកអត់ហូរទេ ដោយសារ មានគ្រួសារខ្លះ រំលោភយកប្រឡាយ និងអ្នកខ្លះទៀត ចាក់ដីរំលោភ លើប្រឡាយសង់រោង លក់ដូរនៅលើប្រឡាយជាដើម ។ ជាមួយគ្នានេះដែរ ក្នុងនាម លោកស្រី តំណាងប្រជាពលរដ្ឋ ៤ ភូមិ ក្នុងសង្កាត់ភ្នំពេញថ្មី លោកស្រី ស្នើឲ្យអាជ្ញាធរជួយ បង្ក្រាបល្បែងស៊ីសង (បៀ) ផង ព្រោះរាល់ថ្ងៃនេះ អ្នកលេងច្រើនទៅៗ កើតចោរលូច ចោរឆក់ ប្លន់យ៉ាងអនាធិបតេយ្យ រាល់ថ្ងៃ អាជ្ញាធរ មិនអើពើអ្វីទាល់តែសោះ ។
ពាក់ព័ន្ធនឹងសំណើ របស់ប្រជាពលរដ្ឋនេះដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានសន្យាថា នឹងយកសំណើ សំណូមពរ របស់បងប្អូន ទាំងអស់នេះ យកសំណើទាំងនេះ ទៅដាក់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជាបន្ទាន់រាល់ សំណើជូនបងប្អូន តាមក្រោយ ។ ដោយឡែក រាល់សំណើ របស់បងប្អូន ខ្លះត្រូវប្រើទឹកប្រាក់ ច្រើន ហើយត្រូវមានគម្រោងច្បាស់លាស់ ដើម្បីធ្វើការអភិវឌ្ឍន៍តាមក្រោយ ។
លោក កើត ឆែ ក៏បានសម្តែងនូវ ការស្វាគមន៍ ចំពោះសំណើ និងកង្វល់ទាំងឡាយរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សង្កាត់ ខណ្ឌ ព្រមទាំងទទួលយក នូវបញ្ហាទាំងនោះ ទៅថ្នាក់ជាតិ ដើម្បីពិនិត្យ និងដោះស្រាយ ជូនបងប្អូនជាបន្តបន្ទាប់ ។
ជាមួយគ្នានោះ ឆ្លើយតបទៅនឹងសំណើរបស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាននេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក៏បានដោះស្រាយ ជូនជាបន្ទាន់នូវ បញ្ហាមួយចំនួន ចំពោះមុខ មួយចំនួន ដែលជាលទ្ធភាព របស់អាជ្ញាធរខណ្ឌ អាចធ្វើទៅបាន មានកំរិតតែនៅមានបញ្ហាមួយ ចំនួន ដែលត្រូវរង់ចាំ ដោះស្រាយជាបណ្តើរៗ និងមានបញ្ហាធំៗ ជាច្រើនទៀតត្រូវធ្វើការស្នើ សុំបន្ត ទៅថ្នាក់រាជធានី ដើម្បីពិនិត្យ និងស្វែងរកលទ្ធភាព ដោះស្រាយជូនប្រជាពលរដ្ឋតាម ក្រោយ។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថាៈ វេទិកានេះ គឺមាន បំណងឲ្យប្រជាពលរដ្ឋ បញ្ចេញយោបល់ ដើម្បីឲ្យអាជ្ញាធរបានដឹង និងដោះស្រាយ ជូនប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ព្រោះការដឹកនាំបានល្អ និងជោគជ័យ គឺអាស្រ័យដោយការទទួលបានព័ត៌មានច្រើន និងត្រឹមត្រូវច្បាស់លាស់ព្រមទាំងមានការ ចូលរួមពីប្រជាពលរដ្ឋ។ ការគ្រប់គ្រងណាក៏ដោយ បើដើរឆ្ងាយពីប្រជាពលរដ្ឋគឺយើងអស់ តំលៃហើយ សុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន គឺជាការគិតគូរ រកដំណោះស្រាយ របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ។
លោកប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក៏បានស្នើឲ្យប្រជាពលរដ្ឋ មិនថា នៅក្នុងវេទិកា ពិគ្រោះយោបល់ នៅពេលនេះ ឬនៅពេលក្រោយនោះទេ ត្រូវចូលរួមបញ្ចេញយោបល់ លើកសំណើសំណួរ និងសំណូមពរ ឱ្យបានផុលផុស បើទោះបីយោបល់នោះមានលក្ខណៈ បែបសេរី យ៉ាងណាក្តី គឺប្រជាពលរដ្ឋ មិនខុសទេ។ គ្មានអ្វីប្រសើរជាជាងការជជែកគ្នា និងទទួលបានដំណឹង រវាងប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានដឹងឮ ៕PC

