ដោយ: ភ្នំខៀវ / បាត់ដំបង: រដ្ឋាភិបាលកម្ពុជាត្រៀមរៀបចំច្បាប់អនុវត្តវិធានការ ចំពោះបុគ្គលដែលប្រមាថមើលងាយជនមានពិការភាព និងក្លែងបន្លំជាជនពិការ។

ក្នុងសិក្ខាសាលានៅខេត្តបាត់ដំបង ពីការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ និងលិខិតបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព នៅថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០២០នេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា÷ ថ្មីៗកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាម៉ីត្រៀមបង្កើតសមាគមន៍ការពារសេចក្តីថ្លៃថ្នូរសម្រាប់បងប្អូនមានពិការភាព ពិសេសច្បាប់អនុវត្តវិធានការដាក់ទោសទណ្ឌចំពោះបុគ្គលណាដែលបានប្រមាថមើលងាយដល់ជនពិការ ឬបុគ្គលដែលក្លែងបន្លំជាជនពិការទាញយកផលប្រយោជន៍ផ្សេងៗពីសាធារណ:ជន និងសង្គម។

លោក ឯម ច័ន្ទមករា បន្តថា ចំពោះមុខនេះក្រសួងក៏បានសម្រេចពន្លឿនលើការផ្តល់ប័ណ្ណសម្គាល់ជនពិការផងដែរ ដើម្បីមានការអនុគ្រោះបញ្ចុះតម្លៃ ដូចជាតម្លៃការសិក្សា តម្លៃទំនិញនៅតាមទីផ្សារនានាជាដើម រួមទាំងកិច្ចអន្តរាគមន៍ជាអាទិភាពលើការងារនានាសម្រាប់ជនមានពិការភាពថែមទៀត។

ចំណែកលោក យុន ឈុន្នី រដ្ឋលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងដែរថា សិក្ខាសាលានៅពេលនេះ មានគោលបំណងការពារសិទ្ធិសេរីភាព ផលប្រយោជន៍ ទប់ស្កាត់ការកេងប្រវ័ញ្ច កាត់បន្ថយ និងលុបបំបាត់ការជិះជាន់ ការរើសអើងចំពោះជនមានពិការភាពធានាសិទ្ធិស្មើភាពគ្នា រវាងជនមានពិការភាព និងជនមិនមានពិការភាព ក៏ដូចជាការធានាការធ្វើបរិយាបន្ន និងសមភាពសម្រាប់ជនមានពិការភាព ស្របតាមយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា៕ ល