ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ ជិត២៤ម៉ោងក្រោយការបោះឆ្នោតត្រូវបានបិទបញ្ចប់ជាផ្លូវការ នរណានឹងក្លាយជាប្រធានាធិបតីអាម៉េរិកបន្ទាប់នៅមិនទាន់កំណត់បាននៅឡើយ តែការចាក់ភ្នាល់ឥឡូវងាកទៅរកគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ លោកចូ បៃដិន។
អតីតអនុប្រធានាធិបតីរូបនេះ ត្រូវបានអះអាងថាជាអ្នកឈ្នះនៅរដ្ឋ វីស្កុនស៊ីន ,មីស៊ីហ្គែន និងអារីហ្ស៊ូណាដោយប្រមូលបានតំណាងបោះឆ្នោត២៦៤ ក្នុងគោលដៅ២៧០ដើម្បីឈ្នះការបោះឆ្នោតដោយតំណាងហៅថាElectoral College និងកៅអីសេតវិមាន។
សារព័ត៌មានAP បាននិយាយថា លោកបៃដិននាំមុខគូប្រជែងនៅរដ្ឋណេវ៉ាដា ដែលមាន៦តំណាង។លោកនឹងឈ្នះឆ្នោតបើសិនជាលោកប្រមូលបាន៦សម្លេងទៀតគ្រប់២៧០សម្លេង តែបើមិនបានទេ វាស៊ីសងលើរដ្ឋផេនស៊ីលវេនៀ បន្តទៀត ដែលមានតំណាងដល់ទៅ២០។
ផេនស៊ីលវេនៀ ត្រូវប្រកាសលទ្ធផលដល់ទៅថ្ងៃសុក្រឯណោះ ដោយសារនៅរាប់សន្លឹកឆ្នោតតាមផ្ញើតាមប្រៃសណីយ៍។
ក្នុងពេលជាមួយគ្នា ក្រុមយុទ្ធនាការរបស់ត្រាំកំពុងទាមទារអោយរាប់សន្លឹកឆ្នោតនៅរដ្ឋវីស្កុនស៊ីនឡើងវិញ ថែមទាំងទាមទារអោយបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅផេនស៊ីលវេនៀថែមទៀត ក្នុងពេលប្រធានាធិបតីត្រាំ អះអាងថាប្រព័ន្ធបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ងាយនឹងត្រូវលួចបន្លំដ៏ធំ។
លោកបៃដិន កាលពីរសៀលថ្ងៃពុធ បាននិយាយថា«វាច្បាស់ណាស់ថា យើងនឹងឈ្នះនៅរដ្ឋជាច្រើនគ្រប់គ្រាន់ដើម្បីឈានដល់សម្លេង២៧០។នៅពេលការរាប់ចប់ យើងជឿថាយើងនឹងក្លាយជាអ្នកឈ្នះ»។
លោកក៏បានអំពាវនាវអោយមានឯកភាពជាតិ ហើយសំរាប់ពលរដ្ឋអាម៉េរិកដែលមានទស្សនៈនយោបាយប្រឆាំងឈប់ចាត់ទុកពលរដ្ឋអាម៉េរិកខ្លួនឯងដូចសត្រូវ។
ឥឡូវ ដូណាល់ ត្រាំ វ័យ៧៤ឆ្នាំ ឥឡូវមានឱកាសតិចសំរាប់ធានាបានតំណែងប្រធានាធិបតី៤ឆ្នាំបន្តទៀត ទោះជាលោកបានខិតខំបញ្ចៀសការក្លាយជាប្រធានាធិបតីកាន់តំណែងបានតែ១អាណត្តិ ដូចអតីតប្រធានាធិបតី ចច អេច ដាប់បលយូ ប៊ូស នៅឆ្នាំ១៩៩២។
លោកបានព្យាយាមបំផ្លាញជំនឿចិត្តលើដំណើរការបោះឆ្នោតបើសិនជាលោកចាញ់ ដោយបានចោទប្រកាន់ពួកប្រជាធិបតេយ្យថាព្យាយាមលួចបន្លំសន្លឹកឆ្នោតទាំងគ្មានភស្តុតាង និងប្តេជ្ញាតស៊ូនិងស៊ីសងគ្នានៅតុលាការ៕

បៃដិន ថាលោកនឹងឈ្នះការបោះឆ្នោតនិងអំពាវនាវអោយមានឯកភាពជាតិ

បៃដិន នាំមុខត្រាំ ២៦៤-២១៤ ហើយត្រូវការតែ៤សម្លេងទៀតនឹងឈ្នះឆ្នោតជាផ្លូវការ