ដោយ: វ៉ៃកូ / ខេត្តស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីចែកស្រូវពូជជូនប្រជាកសិករ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥៥គ្រួសារ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងមួយគ្រួសារទទួលបានពូជស្រូវស្រាលក្រអូបមិនប្រកាន់រដូវចំនួន១០០គីឡូក្រាម។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោកទីប្រឹក្សាក្រសួងកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរពាក់ព័ន្ធ និងប្រជាកសិករជាច្រើនរូបទៀត។
លោកអភិបាលបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្តែងការសោកស្តាយចំពោះការបាត់បង់ខូចខាតផលដំណាំ សត្វពាហន: ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នារយៈពេលកន្លងមក ជាពិសេសនៅភូមិធ្លកថ្មី ស្រុកកំពង់រោទិ៍។ ពេលនេះលោកបាននាំយកពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកចែកជូនបងប្អូនប្រជាពលរដ្ឋស្រុកកំពង់រោទិ៍នៅថ្ងៃនេះ៕ ល


