ដោយៈ ប.ខុន / ភ្នំពេញៈ ព្យុះហ្គោនី ( GONI ) មានដំណើររំកិល (បំលាស់ទី) កាន់តែយឺត នៅពេលមកកៀកឆ្នេរ ក្រោមភាគកណ្តាល (QUI – NHON ) ប្រទេសវៀតណាម ។ ព្យុះនេះ នឹងនាំមកនូវទឹកភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យម ដល់តំបន់ខ្ពង់រាបភាគឦសាន និងខ្ពង់រាប ភាគខាងជើង នៃប្រទេសកម្ពុជា បន្ទាប់ពីឡើងគោក និងរលាយលើឆ្នេរ នៃប្រទេសវៀតណាម ។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិ យម បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា នេះ ។
ចំណែកឯព្យុះទី២០ វិញ អ្នកនាំពាក្យក្រសួងជំនាញនេះ បាននិយាយឱ្យដឹងថាៈ វាបានបង្កើន ឥទ្ធិពលដល់កម្រិត sTS ពេលដើរដល់ ខាងជើងប្រទេសហ្វីលីពីន ហើយវាអាចនឹងរលាយ ពេលចូលដល់ ក្នុងសមុទ្រចិនខាងត្បូង នៅភាគអគ្នេយ៍ នៃកោះហៃណាំ ។
អ្នកនាំពាក្យខាងលើ បានឱ្យដឹងទៀតថាៈ នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ខាងកើត ប្រទេសហ្វីលីពីន ពេលនេះ មានសម្ពាធទាប ( Low ) មួយ បានបង្កើនឥទ្ធិពល ទៅជាសម្ពាធទាបសកម្ម ( ACTIVE LOW ) មានដំណើរចូលមក ក្នុងសមុទ្រចិន ខាងត្បូងទៀត។ ការប្រែប្រួល យ៉ាងណាទៀត ក្រសួងដែលកំពុងតាមដាន នឹងជូនដំណឹងជាបន្ត នៅពេលបន្ទាប់។
ចំពោះព្យុះទី១៩ ឈ្មោះ ហ្គោនី ដែលដើរមកកៀកនឹងឆ្នេរក្រោម ភាគកណ្តាល (QUI – NHON) នៃប្រទេសវៀតណាម លោកចាន់ យុត្ថា បានបញ្ជាក់ថាៈ មកដល់រសៀលថ្ងៃនេះ (៥វិច្ឆិកា) មានការរំកិល (បំលាស់ទី) យឺត ដោយសារទ្រនង់សម្ពាធខ្ពស់ សង្កត់ចុះខ្លាំង មកពីភាគខាងត្បូង ប្រទេសចិន ។ ព្យុះនេះ នឹងរលាយនៅយប់ ថ្ងៃទី៥ ឆ្លងចូលថ្ងៃទី៦ ខែវិច្ឆិកា នៅលើឆ្នេរប្រទេស វៀតណាម។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ នៅពេលព្យុះនេះ រលាយ នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពី តិចទៅមធ្យម នៅតំបន់ខ្ពង់រាបភាគឦសាន និង តំបន់ខ្ពង់រាប ភាគខាងជើង នៃប្រទេសកម្ពុជា ។ បាតុភូតវិសម្ពាធ និងព្យុះ សម្រាប់រដូវវស្សានេះ មិនទាន់អស់នៅឡើយទេ។ ឯភ្លៀងរដូវវស្សា ក៏មិនទាន់អស់ដែរ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣ វិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានថា ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) ដែលបាននឹងកំពុងស្ថិត នៅលើសមុទ្រចិនខាងត្បូង តាមការ ព្យាករ ព្យុះនេះ វាបានប្តូរទិសដៅបន្តិច ដោយដើរចូលមកផ្នែកខាងលើ នៃភាគខាងត្បូង ប្រទេសវៀតណាម និងថមថយ ឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) នៅថ្ងៃទី៥ ខែវិច្ឆិកា និងមកជាសម្ពាធទាប (Low Pressure) ពេលចូលមកដល់ លើភាគខាងកើត ប្រទេសកម្ពុជា នៅយប់ថ្ងៃទី ៥ ខែវិច្ឆិកា ។
ក្នុងសេចក្តីប្រកាស បានសរសេរទៀតថាៈ លក្ខណៈបែបខាងលើនេះ ធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០ មានស្ថានភាព ដូចជា សម្រាប់បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាង កើតជាប់ព្រំដែនប្រទេសវៀតណាម និងបណ្តាខេត្ត នៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ។ សម្រាបរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ។
នៅក្នុងសេចក្តីប្រកាសព័ត៍មាន បានសរសេរទៀតថាៈ ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូន ព័ត៌មានជាបន្ត បន្ទាប់ទៀត ក្នុងករណីអាកាសធាតុ មានការប្រែប្រួលថ្មី៕PC