ប្រែសម្រួលៈវាសនា/ស៊ីដនី៖ រដ្ឋាភិបាលអូស្ត្រាលី បានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ដែលកំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍នៅឡើយចំនួន២ប្រភេទទៀតដើម្បីបង្កើនស្តុកវ៉ាក់សាំងរបស់ប្រទេសដល់ទៅ១៣៥លានដូស។

នាយករដ្ឋមន្ត្រីស្កត់ ហារីសុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៥វិច្ឆិកានេះថា លោកបានយល់ព្រមទិញវ៉ាក់សាំងកូវីដ១៩ពីរប្រភេទទៀត ដោយ៤០លានដូសពីក្រុមហ៊ុនNovavaxនិង១០លានដូសពីក្រុមហ៊ុនPfizer and BioNTech។កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំង២មានតំលៃ១,៥ពាន់លានដុល្លារ។
ចំនួន៥០លានដូសនេះបន្ថែមលើវ៉ាក់សាំងកូវីដ១៩ ចំនួន៨៥លានដូស ដែលអូស្ត្រាលី បានបញ្ជាទិញរួចហើយពីក្រុមហ៊ុន AstraZeneca និង CSL Ltdបើសិនជាការសាកពិសោធន៍របស់វាទទួលបានជោគជ័យ។សរុបអូស្ត្រាលី ចំណាយប្រាក់៣,២ពាន់លានដុល្លារអូស្ត្រាលីលើការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩។
បើវ៉ាក់សាំងទាំង៤ផលិតចេញលក់លើទីផ្សារ នោះប្រជាជនអូស្ត្រាលីចំនួន២៦លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩៕