​វិស័យ​ឯកជន រំពឹងថា ការនាំ​កៅស៊ូ​ចេញ នឹង​កើនឡើង​បន្តទៀត ទោះបីជា​តម្លៃ ធ្លាក់ចុះ​ក្តី​


​ដោយៈ ពៅ​និមល / ភ្នំពេញៈ គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ នេះ ការនាំ​កៅស៊ូ​ចេញ របស់​កម្ពុជា មាន​ចំនួន ២.០៩៩.៨១៩ តោន បាន​កើនឡើង ចំនួន ៣៦.៦០៣ តោន ស្មើនឹង ២១ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​កន្លងទៅ នៅពេល​តម្លៃ​លក់​កៅស៊ូ គិត​ជា​មធ្យម ត្រឹម​ពេលនេះ ថ្លៃ ១.២៩២ ដុល្លារ ក្នុង​មួយ​តោន ថយចុះ​ចំនួន ៤១ ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង ៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំមុន​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថាៈ “ ការធ្លាក់​ថ្លៃ​កៅស៊ូ​នេះ គឺជា​ទីផ្សារ​សកល ក្នុងនោះ ប្រទេស​ថៃ ម៉ាឡេស៊ី ក៏​ដូចគ្នា ប៉ុន្តែ​គ្រាន់​ថា ក្នុង​ខែ​មុននេះ វា​ឡើងវិញ​បន្តិច ឡើង​គួរសម ឡើងដល់ ១.៧០០ ដល់ ១.៩០០ ដុល្លារ ឥឡូវ វា​ឡើង ១.៩០០ បាន​ប៉ុន្មាន​ថ្ងៃ ក៏​ចុះ​សល់​ជាង ១.៧០០ វិញ​។ ជា​សំណាង​មួយ​ដែរ ពិតមែន​កៅស៊ូ ៧-៨ ឆ្នាំ ចុះថ្លៃ ប៉ុន្តែ​យើង​នៅ​លក់បាន វា​មិន​ដល់​ថ្នាក់ គាំង​អត់​មាន​អ្នកទិញ អា​នឹង​បើសិនជា​គាំង ចុះថោក អត់​មាន​អ្នកទិញ​ទៀត បានន័យថា ដួលរលំ​នៃ​វិស័យ​កៅស៊ូ​កម្ពុជា ប៉ុន្តែ​ដោយសារ ថោក​ហើយ នៅមាន​អ្នកទិញ ពិតមែន យើង​ខាត​ខ្លះ តែ​យើង​លក់បាន​លុយ បើក​ប្រាក់ខែ ដល់​កម្មករ​ដែរ ” ។​

​សម្រាប់​ទីផ្សារ​ធំជាងគេ ក្នុង​ការនាំ​កៅស៊ូ​ចេញ​របស់​កម្ពុជា លោក​បានឱ្យដឹងថាៈ គឺ​ប្រទេស​វៀតណាម បន្ទាប់​ប្រទេស​ចិន និង​កូរ៉េ​….​។ ទាក់ទិន​បញ្ហា​ធ្លាក់​ថ្លៃ​កៅស៊ូ ខាងលើ លោក​បាន​លើកឡើងថាៈ ក្នុងនាម​តំណាងឱ្យ​វិស័យ​ឯកជន និង​សមាគម​អ្នក​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា លោក​ស្នើ​សុំឱ្យ រដ្ឋាភិបាល ជួយ​សម្រួល​ដល់​ការ យកពន្ធ​នាំចេញ សម្រាប់​ការដឹកជញ្ជូន លើសពី ១.៥០០ ដុល្លារ ក្នុង​មួយ​តោន ខណៈដែល​បញ្ហា​នេះ នៅតែ​ជាការ​កង្វល់ របស់​អ្នក​ដាំ​។​

​យោងតាម​របាយការណ៍ ស្តីពី​ស្ថានភាព​ការងារ អគ្គនាយកដ្ឋាន​កៅស៊ូ ប្រចាំ​នព្វ​មាស (៩​ខែ​) ឆ្នាំ​២០២០ របស់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញ​ថាៈ តម្លៃ​លក់​ជ័រកៅស៊ូ គិត​ជា​មធ្យម ក្នុង​ខែ ថ្លៃ ១.៣២០ ដុល្លារ ក្នុង​មួយ​តោន បាន​កើនឡើង ចំនួន ៥៨ ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង ៤,៥៦ ភាគរយ ធៀប​នឹង​ខែ​មុន និង​បាន​កើនឡើង ១៩ ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង ១ ភាគរយ ធៀប​រយៈពេល​ដូចគ្នា នា​ឆ្នាំមុន​។ រីឯ​តម្លៃ​លក់​កៅស៊ូ ជា​មធ្យម គិតដល់​ខែ​នេះ ថ្លៃ ១.២៩២ ដុល្លារ ក្នុង​មួយ​តោន បាន​ថយចុះ ចំនួន ៤១ ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង ៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា នា​ឆ្នាំមុន​។ គិត​មកដល់​បច្ចុប្បន្ន​នេះ កម្ពុជា មាន​ផ្ទៃដី​ដាំ​កៅស៊ូ សរុប​ចំនួន​ជាង ៤០ ម៉ឺន​ហិកតា ក្នុងនោះ ផ្ទៃដី​ចៀរ​ជ័រ មាន​ចំនួន​ជាង ២៩ ម៉ឺន​ហិកតា ស្មើនឹង ៧២ ភាគរយ និង​ផ្ទៃដី​ថែទាំ មាន​ចំនួន​ជាង ១១ ម៉ឺន​ហិកតា ស្មើនឹង ២៨ ភាគរយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...