ដោយៈ ដេប៉ូ / ភ្នំពេញៈ បញ្ហាឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយ ខុសច្បាប់ ជាបញ្ហាសុខភាពសាធារណៈ និងជាអាទិភាពមួយដ៏សំខាន់ ដែលចាំបាច់ ត្រូវតែចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា។ នេះជាការលើកឡើងរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ថ្លែងក្នុងពិធីកម្ទេចឱសថ ខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ មានចំនួនសរុបជាង ៥៤០ តោន ដែលបានរៀបចំឡើង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថាៈ “ការរួមគ្នា ពីមន្ត្រីអនុវត្តច្បាប់ និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ខុសច្បាប់ គឺដើម្បីបម្រើប្រយោជន៍រួម ក្នុងការការពារសុខភាព និងអាយុជីវិត ប្រជាពលរដ្ឋ ព្រមទាំងបញ្ចៀស នូវហានិភ័យនានា ដែលបង្កឡើងដោយ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ខុសច្បាប់ សម្រាប់សង្គមជាតិ។”

លោកបានបន្ថែមថាៈ ការផលិត, ការនាំចេញ, ការនាំចូល និងការចែកចាយ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ខុសច្បាប់ គឺជាបទល្មើសមួយ ដែលមានលក្ខណៈធ្ងន់ធ្ងរ។ ហេតុដូចនេះ បន្ថែមលើការដកហូត និងការកម្ទេចចោល នូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ខុសច្បាប់, មន្ត្រីអនុវត្តច្បាប់ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់ និងត្រូវផ្តន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយ ជាអាទិ៍ អ្នកនាំចូល និងអ្នកចែកចាយ ផលិតផល ឱ្យបានតឹងរឹង និងឱ្យបានត្រឹមត្រូវ តាមប្រភេទ នៃបទល្មើស ដែលកំណត់ក្នុងច្បាប់ ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីធានាការពារសុខមាលភាព របស់ប្រជាជនកម្ពុជា និងដើម្បីកុំឱ្យបញ្ហានេះ ចេះតែកើតមាន និងរីករាលដាលឡើង បន្តទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងនូវ ការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ, អាជ្ញាធរដែនដី, មន្ត្រីនគរបាលយុត្តិធម៌ រួមទាំងស្ថាប័នតុលាការ និងស្ថាប័នអនុវត្តច្បាប់ ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបានកោតសសើរ ចំពោះការចូលរួមសហការ យ៉ាងល្អប្រសើរ ពីប្រជាពលរដ្ឋ, សង្គមស៊ីវិល និងវិស័យឯកជន៕