ដោយៈវ៉ៃកូ/ខេត្តស្វាយរៀងៈ ករណីចងកធ្វើអត្តឃាតម្តាយ និងកូនមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម៉ោង០៣ទៀបភ្លឺ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក។ រឿងនេះត្រូវបាន អ្នកភូមិដាក់ការសង្ស័យជាអំពើឃាដកម្ម ក៏ប៉ុន្តែតាមការពិនិត្យ និងធ្វើកោសលវិច្ច័យរបស់សមត្ថកិច្ចឃើញថា គឺជាករណីចងកធ្វើអត្តឃាតពុំមែនជាអំពើឃាដកម្មនោះទេ។
សមត្ថកិច្ចនគបាលស្រុករមាសហែកបានឲ្យដឹងថា ជនដែលគិតខ្លីឈ្មោះ លឹម មុំ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅស្រុកកៀនស្វាយ ខេត្តកណ្តាល មានស្រុកកំណើតភូមិកើតហេតុខាងលើ។
ប្រភពដដែលបន្តទៀតថា ស្ត្រីចងកធ្វើអត្តឃាតជាមនុស្សញៀនស្រាផឹកស្រាស្រវឹងរាល់ថ្ងៃ មានប្តីឈ្មោះទី រស់នៅស្រុកកៀនស្វាយ តែងបង្កជម្លោះជាមួយប្តី ហើយត្រូវប្តីឲ្យត្រឡប់មកផ្ទះឪពុកម្តាយវិញនៅស្រុកកំណើតភូមិក្រសាំងនេះ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយស្ត្រីរងគ្រោះបាននាំកូនប្រុសម្នាក់ឈ្មោះ យ៉េន តុលា អាយុ ១ឆ្នាំមកជាមួយ។

បើតាមអ្នកជិតខាងឲ្យដឹងថា ពេលស្ត្រី និងកូនមកដល់ផ្ទះឪពុកម្តាយមិននៅផ្ទះទេ បានចេញទៅរស់នៅជាមួយកូននៅឯខេត្តកំពង់ចាម ក៏ទៅនៅផ្ទះបងស្រី ហើយបងស្រីក៏មិននៅផ្ទះដែរ ពេលនោះស្ត្រីរងគ្រោះផឹកស្រាស្រវឹងកើតសរសៃប្រសាទ យកខ្សែគោបម្រុងនឹងចងកធ្វើអត្តឃាត តែអ្នកជិតខាងមកទាន់ក៏បានចាប់ ហើយយកខ្សែចេញពីដៃ រួចអប់រំកុំឲ្យគិតខ្លី។ លុះថ្ងៃកើតហេតុវេលាម៉ោង៦ និង២០នាទីព្រឹកអ្នកភូមិបានមកប្រទះឃើញជនរងគ្រោះចងកស្លាប់ទាំងពីរនាក់ម្តាយ និងកូនក៏ឆោឡោប្តឹងសមត្ថកិច្ចតែម្តង៕