Home ព័ត៌មានជាតិ សន្តិសុខ សិប្បកម្ម​កែច...

សិប្បកម្ម​កែច្នៃ​ឈើ​រីក​ដូច​ផ្សិត​តាំងពី​ក្រុង​ដល់​ស្រុក​ក្នុង​ខេត្តស្ទឹងត្រែង​

ដោយ​: សុខុម / ស្ទឹងត្រែង​: សិប្បកម្ម​កែច្នៃ​ឈើ កំពុងតែ​រីក​កាន់តែ​ធំ​តាំងពី​ក្រុង​រហូតដល់​បណ្ដា​ស្រុក​ទាំង​៥ ក្នុង​ខេត្តស្ទឹងត្រែង​។ រីឯ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចូលទៅ​កែច្នៃ តាម​សិប្បកម្ម​នានា ក៏​កាន់តែ​កើតមានឡើង​អនាធិបតេយ្យ​ទាំងយប់​ទាំង​ថ្ងៃ ក្រោយពី​គណៈកម្មការ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ លែងមាន​សកម្មភាព​។​

​សិប្បកម្ម​ទាំង​ធំ​ទាំង​តូច​ត្រូវបាន​គេ​បង្ហើប​ថា មាន​រហូតដល់​ទៅ​រាប់សិប​កន្លែង​ឯណោះ​។ ចំពោះ​ការប្រមូលទិញ​ឈើ​វិញ សុទ្ធតែ​ប្រភព​ខុសច្បាប់​ដឹក​តាម​ម៉ូតូ​រ៉ឺម៉ក និង​រថយន្ត​។​

​តាម​ប្រភពព័ត៌មាន​ដែល​បាន​ពី​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា សិប្បកម្ម​នៅក្នុង​ក្រុង​ស្ទឹងត្រែង គឺជា​ប្រភព​សម្រាប់​ស្តុក​កែច្នៃ​ឈើ ដើម្បី​នាំចេញ​ទៅ​ក្រៅ​ខេត្ត និង​ប្រទេស​វៀតណាម​។​

​ស្ត្រី​ខ្មែរ​វៀតណាម​ម្នាក់​ឈ្មោះ​យាយ​បូ​ង ដែលមាន​សិប្បកម្ម​ធំ​មួយកន្លែង​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​អះអាងថា សិប្បកម្ម​កែច្នៃ​ឈើ​របស់គាត់​មានការ​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រយៈពេល​២០​ឆ្នាំ​មកហើយ​។ តាម​ការអះអាង​ទៀតថា បើសិនជា​ផុត​សុពលភាព​ច្បាប់​អនុញ្ញាត គាត់​នឹង​ស្នើសុំ​ជា​បន្តទៀត​។ ឈើ​ដែល​គាត់​តម្រូវការ​សម្រាប់​កែច្នៃ ភាគច្រើន​ទិញ​ពី​ដេប៉ូ​ឈើ គឺជា​ឈើ​ប្រភេទ​លេខ​២ មិនមែនជា​ឈើ​ប្រណីត​នោះទេ​។ ដំណើរការ​សិប្បកម្ម​សព្វថ្ងៃនេះ សុទ្ធតែ​កម្មករ​ជនជាតិខ្មែរ​ដែលមាន​ប្រមាណ​ជា ១០​នាក់​ប៉ុណ្ណោះ​។​

​ស្ត្រី​ខាងលើ​បាន​អះអាង​ទៀតថា គាត់​មិនបាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ឡើយ​។ តែ​ប្រភព​ផ្សេង​បាន​ឲ្យ​ដឹងថា សិប្បកម្ម​ទាំងអស់​ក្នុងស្រុក​ទាំង​ក្នុងស្រុក និង​សុទ្ធតែជា​កន្លែង​ស្តុក​កែច្នៃ​ឈើប្រណិត​គ្រឿង​សង្ហា​រឹម រួច​ដឹក​ចេញ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ទំនើបៗ​។​

​លោក អន ចាន់​សុជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា សម្រាប់​ទីតាំង​សិប្បកម្ម​នៅក្នុង​ខេត្ត​ទាំងមូល​មានច្បាប់​អនុញ្ញាត​ត្រឹម ១០​កន្លែង​។ លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​និយាយ​បន្ថែម​នៅ​រសៀល​ថ្ងៃ​ដដែល​ទៀតថា រាល់​សិប្បកម្ម​ដែល​ស្របច្បាប់​មានការ​អនុញ្ញាត​ត្រឹម​ថ្នាក់​ខេត្ត លុះត្រា​តែមាន​ប្រភព​ឈើ​ច្បាស់លាស់​ក្នុង​ការកែច្នៃ​ត្រឹមត្រូវ​។​

យោងតាម​ច្បាប់​ស្តីពី​ព្រៃឈើ​បាន​បញ្ជាក់ថា ច្បាប់​អនុញ្ញាត​បើក​អាជីវកម្ម​កែច្នៃ​ឈើ​បាន លុះត្រាតែ​ម្ចាស់​អាជីវកម្ម​មាន​ប្រភព​ច្បាស់លាស់​ប្រមូល​ពី​ព្រៃ​សម្បទាន និង​ដី​សង្គមកិច្ច​ក្នុងការ​ដឹកជញ្ជូន​ឈើ​យកមក​កែច្នៃ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​។ ខុសពី​នេះ ការដឹកជញ្ជូន​ឈើ​នៅ​ខេត្តស្ទឹងត្រែង បែរជា​អនាធិបតេយ្យ​ទៅវិញ​។

​ពលរដ្ឋ​ចាត់ទុកថា ការអនុញ្ញាត​ឲ្យ​មាន​សិប្បកម្ម​ជាច្រើន​កន្លែង​ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ គឺជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ផ្អាក​ដំណើរការ​សាលារៀន​អន...

ដោយ​:​សុផល​/​ភ្នំពេញ​: ក្...

សម័យ​ប្រឡង​ឌី​ប្លូ​មនៅ​ថ្...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន...

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...