ដោយៈសុផល/ភ្នំពេញៈឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោកស្រី អេវ៉ា ង្វៀនប៊ិញ បានផ្តួចផ្តើមគំនិតបង្កើតឱ្យមានមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត “ថាយផ្ល័ស”នៅកម្ពុជា។ នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០នេះ មជ្ឈមណ្ឌល បានត្រូវសម្ពោធជាផ្លូវការក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោកស្រី អេវ៉ា ង្វៀនប៊ិញឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ក្នុងរយៈពេលប្រមាណ២ទសវត្សរ៍។ កត្តាទាំងនេះគឺជាចលករធ្វើឱ្យចំនួនយានយន្តមានការកើនឡើងយ៉ាងគំហុក ហើយមកដល់ពេលនេះឡាន និងម៉ូតូមានចំនួន ៥,៨លាន គ្រឿង (ក្នុងនោះ ជាង ៩សែន គ្រឿងជារថយន្ត) ដែលកំពុងធ្វើចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាការបើកមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត “ថាយផ្ល័ស”នេះ គឺជាការបោះជំហានដ៏ធំមួយចូលទៅក្នុងយុទ្ធនាការកែទម្រង់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍បង្ខិតសេវាសាធារណៈឱ្យកៀកប្រជាពលរដ្ឋ និងផ្ដល់សេវានេះឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តជំរុញលើកទឹកចិត្តឱ្យពង្រីកសាខារបស់ខ្លួននៅគ្រប់ទាំង២៥ រាជធានី-ខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលសេវានេះកាន់តែងាយស្រួល និងក៏ជាយន្តការមួយក្នុងការទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយកត្តាយានយន្ត៕