ដោយ: ដេប៉ូ / ភ្នំពេញ: ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ បាននិងកំពុងនាំយកនូវចំណូលថវិការាប់លានដុល្លារអាមេរិក ចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិដែលកម្ពុជាមានដល់ពលរដ្ឋរបស់ខ្លួន និងទេសចរបរទេស ក៏ដូចជាបានចូលរួមបណ្តុះស្មារតីស្រឡាញ់ និងការពារបរិស្ថាន និងធនធានធម្មជាតិដល់សាធារណជនផងដែរ។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថានៅក្នុងរយៈពេល ៩ ខែឆ្នាំ២០២០ នេះចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់សហគមន៍ចំនួន ២២ ក្នុងតំបន់ការពារធម្មជាតិ ១២ កន្លែងស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានប៉ាន់ស្មានថាបានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូល ដ្ឋានប្រមាណជាង ២៥,២១ លាន ដុល្លារ សហរដ្ឋអាមេរិក ដោយមាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន ៥៣៦.៥៤៥នាក់ (ភ្ញៀវទេសចរជាតិចំនួន ៥២៩.១៦០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧.៣៨៥នាក់)។
បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថាន ចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ ទេសចរណ៍ធម្មជាតិនានាក្នុងតំបន់អភិរក្សនិងការពារដោយក្រសួងបរិស្ថាននៅឆ្នាំ២០២០នេះ មាន ការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ ២០១៨ និង២០១៩។ នៅឆ្នាំ២០១៨ មានភ្ញៀវទេសចរ សរុប ចំនួន ៣៤៣៨៥២ ហើយទទួលចំណូលបាន ១៦,១៦លានដុល្លារអាម៉េរិក ហើយនៅឆ្នាំ២០១៩ កន្លង ទៅបានទទួល ភ្ញៀវទេសចរចំនួន ៤០២.២៩៣ នាក់ ទទួលបានចំណូលប្រមាណ ១៨,៩០ លាន ដុល្លារ អាម៉េរិកចាក់ចូលក្នុងសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវ ដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋានបង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ ល្បិចកលការញុះញង់របស់ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ”ដើម្បីប្រសិទ្ធ ភាពនិងពង្រឹងវិធានការការពារ និងអភិរក្សធនធានធម្មជាតិរួមមានព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេង ទៀតឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ យើងចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយសមស្របនោះ គឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងនិងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាល មានចំណេះដឹង និងចូលរួមទទួលខុសត្រូវលើការ
ងារការពារនិងអភិរក្ស ហើយទទួលបានផលប្រយោជន៍ពីកិច្ចការអភិរក្សនេះ។ ជាមួយគ្នានេះ ក្រសួង បរិស្ថានក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសនិងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិ”។
បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន សហគមន៍ទេសចរណ៍ធម្មជាតិ បច្ចុប្បន្នមានចំនួន ២២ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៥ ០០៣ ហិកតាក្នុងតំបន់ការពារធម្មជាតិចំនួន ១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន ៨ រួមមាន រតនគិរី កំពង់ស្ពឹ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត កំពង់ឆ្នាំង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួន ក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើន សេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធាន ធម្មជាតិនិង ជីវៈចម្រុះ»។
គួរបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ទេសចរណ៍ធម្មជាតិច្រកល្អៀងក្នុងខេត្ត ពោធិ៍សាត់ ជីផាតនៅខេត្តកោះកុងជាដើម។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានស្នើសុំ ឱ្យបងប្អូនប្រជាពលតដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ សូមចូលរួម រក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំណល់ ពាសវាល ពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិ ទាំងនោះ។
លោក នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងបន្ថែមថា ការអញ្ជើញ មកទស្សនាកម្សាន្តនៅតាមសហគមន៍ ទេសចរណ៍ធម្មជាតិនានានឹងជួយគាំទ្រ ដល់ការងារអភិរក្ស បង្កើតសេដ្ឋកិច្ចនៅ មូលដ្ឋាន បង្កើតជម្រើសមុខរបរថ្មីដល់ប្រជាសហគមន៍និងផ្តល់ចំណូលសម្រាប់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាដើម្បីកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តមរដ្ឋេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរ គុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះ និងអរគុណដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ ទេសចរណ៍ធម្មជាតិនានា៕ ល