ដោយៈសុផល/ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ជាង៩៣ភាគរយ បង្កឡើងដោយកត្តាមនុស្ស ខណៈគ្រោះថ្នាក់ផ្សេងទៀតបង្កឡើងដោយកត្តាយានយន្ត និងផ្លូវថ្នល់ ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងដូច្នេះក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត “ថាយផ្ល័ស” សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែវិច្ឆិកា។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកបើកបរយានយន្តនៅតែធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍ដូចជា៖ បើកហួសល្បឿនកំណត់ អត់ពាក់មួកសុវត្ថិភាព អត់ពាក់ខ្សែក្រវាត់សុវត្ថិភាព ប្រើគ្រឿងញៀននិងគ្រឿងស្រវឹងក្នុងពេលបើកបរ វ៉ាជែងដោយគ្មានការប្រុងប្រយ័ត្ន ជាដើម។
លោក បន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយយានយន្តខុសលក្ខណៈបច្ចេកទេស គឺមានតែប្រហែល ៣ភាគរយប៉ុណ្ណោះ ខណៈកត្តាផ្សេងទៀតបណ្តាលមកពីផ្លូវថ្នល់ គ្មានស្លាកសញ្ញាចរាចរណ៍ ជាដើម៕