ដោយ៖តារារិទ្ធ/ភ្នំពេញ៖ភាពយន្តឯកសារប្រវត្តិសាស្ត្រ«កម្ពុជា៖បន្ទាត់ឆ្នាំ១៩៩៨»នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅវេលាម៉ោង៧យប់ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០នៅអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នក្រោមអធិ បតីភាពលោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី ។
សេចក្តីជូនដំណឹងរបស់មូលនិធិម៉ានី (The Many Foundation) បានឲ្យដឹងថាភាពយន្តឯកសារប្រវត្តិ សាស្ត្រនេះគឺជាគម្រោងផ្តួចផ្តើមឡើងដោយមូលនិធិម៉ានី (The Many Foundation)ដោយមានការសហ ការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានិងអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះបន្ថែមដល់សាធារណជននិងឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃការអនុវត្តនិងឥទ្ធិពលនៃនយោបាយឈ្នះឈ្នះមកលើសង្គមកម្ពុជានាពេលបច្ចុប្បន្ននិងពេលអនា គត។
មូលនិធិម៉ានីបានធ្វើការសង្ខេបសាច់រឿងនៃភាពយន្តឯកសារប្រវត្តិសាស្ត្រនេះដោយបានឆ្លុះបញ្ចាំងឲ្យឃើញពីប្រវត្តិនៃការចាប់ផ្តើមស្វែងរកសុខសន្តិភាពជូនជាតិដែលចាប់ផ្តើមចេញេពីជំនួបរបស់ឥស្សរជនសំខាន់២រូបគឺសម្តេចតេជោ ហ៊ុន សែននិងសម្តេចព្រះនរោត្តម សីហនុ នៅ Fere-en-Tardenois ប្រទេសបារាំងក្នុងឆ្នាំ ១៩៨៧ ជំនួបនេះបាន ក្លាយទៅជាមូលដ្ឋានដែលនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅក្នុងឆ្នាំ១៩៩១និងឈានទៅដល់ការរៀបចំឲ្យមានការបោះឆ្នោតឆ្នាំ១៩៩៣នៅកម្ពុជា។តែទោះយ៉ាងណា ក្តីការបោះឆ្នោតនេះមិនបានបញ្ចប់ទាំងស្រុងនូវជម្លោះប្រដាប់អាវុធក៏ដូចជាបាននាំមកនូវសុខសន្តិភាពពេញលេញសម្រាប់កម្ពុជានោះឡើយ។រហូតដល់ឆ្នាំ ១៩៩៨ ទើបកម្ពុជាសម្រេចបាននូវការស្វែងរកបាននូវសុខសន្តិភាពពេញបរិបូរណ៍តាមរយៈ”នយោបាយឈ្នះឈ្នះ” ។
ភាពយន្តឯកសារប្រវត្តិសាស្ត្រ«កម្ពុជាបន្ទាប់ពីឆ្នាំ ១៩៩៨»បានធ្វើការរៀបរាប់នូវស្ថានភាពជាក់ស្តែងពីសង្គមកម្ពុជាពីមួយដំណាក់កាលទៅមួយដំណាក់កាល ដោយបានយកឆ្នាំ១៩៩៨ធ្វើជាបន្ទាត់នៃការប្រៀប ធៀបវឌ្ឍនភាពសង្គម។ភាពយន្តនេះមានគុណតម្លៃសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាពនិងជាមេរៀន ដែលបង្ហាញពីការដឹកនាំប្រទេសប្រកបដោយសមត្ថភាពក្នុងភាពជាខ្មែរ និង ប្រកបដោយធ៍ម ។
ភាពយន្តឯកសារប្រវត្តិសាស្ត្រ«កម្ពុជាបន្ទាប់ពីឆ្នាំ ១៩៩៨»មានរយៈពេល ៣០ នាទី តួអង្គសំខាន់ៗនៅក្នុងភាពយន្តឯកសារនេះរួមមាន៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ,ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ ឥស្សរជនទាំងបួនរូបបានផ្តល់កិច្ចសម្ភសស្តីពីនយោបាយ ឈ្នះឈ្នះនិងការរីកចំរើនក្រោយឆ្នាំ ១៩៩៨ នៅក្នុងវិស័យរៀងៗខ្លួន ៕