ដោយ:ស៊ាថាំង/ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកវគ្គបណ្តុះបណ្តាលស្តីពី“ការរៀបចំផែនការយុទ្ធសាស្ត្រថវិកនិងការរៀបចំត្រួតពិនិត្យវាយតម្លៃលើថវិកាកម្មវិធី”ជូនដល់សិក្ខាកាមនៃមន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងចូលរួមដោយ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំអង្គភាព ប្រឆាំងអំពើពុករលួយ, គ្រូឧទ្ទេស និង សិក្ខាកាម សរុបប្រមាណ ១០០ នាក់ នាថ្ងៃទី ៥ ខែ វិច្ឆិកា នេះនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
លោក ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថាអារម្មណ៍ថា មន្ត្រីរាជការ និង ថ្នាក់ដឹកនាំនៃអង្គភាពប្រឆាំងអំពើពុករលួយ មានតម្រូវការចាំបាច់ក្នុងការពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់ចូលរួមចំណែកលើកកម្ពស់តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកានិងការរៀបចំត្រួតពិនិត្យវាយតម្លៃលើថវិកាកម្មវិធីដើម្បីធានាឱ្យការអនុវត្តបានត្រឹមត្រូវតាមលិខិតបទដ្ឋាននិងអនុលោមតាមច្បាប់និងក្រប-ខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ សម្រាប់រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ, ការកសាង និងអភិវឌ្ឍសមត្ថភាពជំនាញ គឺជាតម្រូវការចាំបាច់ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគ្រប់ក្រសួងស្ថាប័ន ត្រូវចូលរួមស្វែងយល់ និងពង្រឹងពង្រីកសមត្ថ-ភាព ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសមត្ថភាពជំនាញដែលជាការគាំទ្រ និង រួមចំណែកដល់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
បណ្ឌិតសភាចារ្យ បានរំលេចនូវទិដ្ឋភាពសំខាន់មួយចំនួន ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដែលរៀបចំឡើងក្នុងគោលដៅប្រែក្លាយប្រព័ន្ធថវិកាកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ស្របតាមឧត្តមានុវត្តអន្តរជាតិ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ក្នុងនោះ ថវិកាកម្មវិធី គឺជាស្នូលដ៏សំខាន់មួយនៃប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើសមិទ្ធកម្ម និង មានលក្ខណវិមជ្ឈការ ហើយការរៀបចំថវិកាត្រូវផ្អែកលើកម្មវិធីច្បាស់លាស់ដើម្បីឈានទៅសម្រេចគោលបំណងគោលនយោបាយក្រសួងស្ថាប័ន ស្របតាមគោលនយោបាយក្នុងវិស័យនីមួយៗ ។
បណ្ឌិតសភាចារ្យ បានបញ្ជាក់ទៀតថា ផែនការយុទ្ធសាស្ត្រថវិកា ជាយន្តការមួយនៃដំណើរការរៀបចំថវិកាប្រចាំឆ្នាំ ដែលក្រសួងស្ថាប័ននីមួយៗ គ្រោងផែនការថវិកាសម្រាប់អនុវត្តកម្មវិធីឬយុទ្ធសាស្ត្រអាទិភាព ដោយផ្សារភ្ជាប់ទៅនឹង គោលនយោបាយរបស់ក្រសួងស្ថាប័ន ។ ការអនុវត្តថវិកាប្រចាំឆ្នាំ ត្រូវការតាមដាន ដើម្បីតម្រង់សកម្មភាពទៅរកលទ្ធផលក្នុងឆ្នាំដែលបានគ្រោងទុក ។ អង្គភាពថវិកា ឬក្រសួងស្ថាប័ន ប្រើប្រាស់ឧបករណ៍សំខាន់បី ដើម្បីធានាប្រសិទ្ធភាព ក្នុងនោះមានៈ ទី១.ការតាមដានត្រួតពិនិត្យឡើងវិញជាប្រចាំឬតាមពេលកំណត់លើការអនុវត្តកម្មវិធី, ទី២.ការធ្វើរបាយការណ៍អំពីការអនុវត្តថវិកា និង ទី៣.ការវាយតម្លៃប្រៀបធៀបលទ្ធផលនៃការអនុវត្តកម្មវិធីទៅនឹងសូចនាករគោលដៅបានការគ្រោងទុក ៕សរន
បណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមគោលដៅដែលជាមន្រ្តីរាជការនៃ អង្គភាពប្រឆាំងអំពើពុករលួយ ។ ( រូបថត គន្ធា )