ដោយ: សរិទ្ធ / ព្រះសីហនុ: លោក កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរសជនជាតិចិនចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធករណីប្រើអំពើហិង្សា និងមានការផ្ទុះអាវុធលើជនជាតិចិនដូចគ្នា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។

បុរសជនជាតិចិន ចំនួន៤នាក់នេះ១- ឈ្មោះ JIANG NAN អាយុ ៣៥ឆ្នាំ មុខរបរ ថៅកែក្រុមហ៊ុនវ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ទី២- ឈ្មោះ RAN SHUBING អាយុ ៤៧ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងក្លឹបកំសាន្ត កាសា២ ស្នាក់នៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទី៣- ឈ្មោះ LI XIN អាយុ ៤០ឆ្នាំ មុខរបរ អង្គរក្សថៅកែក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុជាជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លីនិងទី៤-ឈ្មោះ WANG YAWEI អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។ បុរសជនជាតិចិន ចំនួន៤នាក់នេះបានត្រូវលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុកំពុងធ្វើការសាកសួរ។
ចំណែកជនរងគ្រោះជនជាតិចិន២នាក់ដែល រងរបួស ឈ្មោះ Li Hai Yang ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ម៉ៅការសំណង់នៅម្ដុំគុជអាស៊ី ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុនិងឈ្មោះ SONG WEN LONG ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ រកស៊ីអចលទ្រព្យ ស្នាក់នៅបច្ចប្បន្ន ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ របួសធ្ងន់ ចំត្រង់ក្រោយខ្នងខាងស្ដាំ ០១ កាំបិត (ប៉ះពាល់ដល់សួត), ចំស្មាខាងស្ដាំ ០១កាំបិត, ចំត្រង់ទ្រូងខាងស្ដាំ ០១កាំបិត (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចិន ថៃខាង)។
ប្រភពពីមន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីម៉ោង៣ទៀបភ្លឺថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០កន្លងទៅ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈប្រព័ន្ធហតឡាញ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា នៅចំណុចបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីជនជាតិចិន និងជនជាតិចិនវាយគ្នា ព្រមទាំងផ្ទុះអាវុធ ០១គ្រាប់ផងដែរ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងសាកសួរព័ត៌មាននៅជុំវិញកន្លែងកើតហេតុទើបដឹងថា ក្នុងករណីនេះ មានជនរងគ្រោះ២នាក់ ហើយមានម្នាក់ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចិន ថៃខាង ទើបកម្លាំងសមត្ថកិច្ចបានទៅស្វែងរកជនរងគ្រោះទាំង២នាក់។
ក្រោយពីបានធ្វើការសាកសួរលំអិតអំពីហេតុការណ៍នេះរួចមក កម្លាំងនគរបាល ព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យនិង ដោយមានការដឹកនាំសម្របសម្រួលផ្នែកនីតិវិធីផ្ទាល់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងការចូលរួមសហការពីកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង៤ កម្លាំងសមត្ថកិច្ចបានតាមចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន៤នាក់ ជាបន្តបន្ទាប់។
សមត្ថកិច្ចបានអះអាងថា ករណីនេះកើតឡើងដោយសារ ជនរងគ្រោះបានទៅទារប្រាក់ពីជនសង្ស័យ ហើយក៏មានការទាស់ពាក្យសម្តីគ្នា រហូតឈានដល់ការប្រើប្រាស់ហិង្សាតែម្តង ហើយក្នុងខណៈពេលដែលកំពុងប្រតាយប្រតប់គ្នា ជនសង្ស័យឈ្មោះ LI XIN មានអាវុធខ្លីជាប់ខ្លួន ក៏បានដកមកគំរាម ហើយជនរងគ្រោះបានមកប្រតាយប្រតប់ទៀត ទើបបណ្តាលឲ្យរាលកៃកាំភ្លើងផ្ទុះ ចំនួន ១គ្រាប់។ វត្ថុតាងចាប់យកបាន៖ ទី១-អាវុធខ្លី ០១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ (គ្មានលេខសម្គាល់) ទី២-បង់កាំភ្លើង០១គ្រាប់ ៩mm ចំនួន ១៦គ្រាប់-ស៊ីឡង់ (ឧបករណ៍សម្រាប់តកាណុងកាំភ្លើងមិនឲ្យឮសម្លេង) ០១ដើម-រថយន្ត ០៣គ្រឿង៖១-ម៉ាក ព្រូស ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2BF-6807២-ម៉ាក TUNDRA ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AE-2004៣-ម៉ាក ហាយលែនឌឺ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AK-5931៕ ល