ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: កន្លងមក បើ​គេ​ធ្វើដំណើរ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចន្លោះ​ពី​រង្វង់​មូល​គល់ស្ពាន​ព្រែក​ព្នៅ ទៅ​ស្ថានីយ​បូមទឹក​កប់​ស្រូវ ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​នេះ គឺ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ពិសេស​នៅពេល​ព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាចៗ​។ មូលហេតុ ដោយសារតែ​នៅ​ចន្លោះ​ផ្លូវ​នេះ មាន​ផ្លូវ​អក្សរ T ចាក់​ទៅកាន់​បុរី ហ្គ្រេ​ន​ភ្នំពេញ និង​បន្ត​ដល់​កាំ​កូ​ស៊ី​ធី​។​

លូក​ង់ៗ ត្រូវបាន​ដាក់​បិទ​លើ​ទ្រូងផ្លូវ ឈប់​ឲ្យ​ឆ្លងកាត់​បត់​ឆ្វេង លើ​ចំណុច​ផ្លូវ​អក្សរ T មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវ​ឆ្ពោះទៅ ហ្គ្រេ​ន ភ្នំពេញ

​ចំណុច​បត់​ចុះ​បត់​ឡើង នៅ​ផ្លូវ​អក្សរ T នឹង​មហាវិថី​ឈ្នះ​ឈ្នះ ឬ​ផ្លូវ​ទំនប់​កប់​ស្រូវ​នេះហើយ ដែល​បង្ក​ការកកស្ទះ ដោយសារតែ​ការបត់​ឆ្វេង ហើយ​អ្នកបើកបរ​បញ្ជា​យានយន្ត​រុល​យកតែ​ឈ្នះ​ដៃ​រៀងៗ​ខ្លួន​។ ការកកស្ទះ​ចរាចរណ៍​កន្លងមក រាប់គីឡូម៉ែត្រ លើ​មហា​វិ​ថិ​ឈ្នះ​ឈ្នះ រហូតដល់​ផ្លូវ​អក្សរ T ប្រសព្វ​រវាង​មហាវិថី​ឈ្នះ​ឈ្នះ នឹង​មហាវិថី​ហាណូយ​។ ប៉ូលិស​ចរាចរណ៍ រួមទាំង​កងកម្លាំង​សន្តិសុខ​ច្រើន​នាក់ ត្រូវ​ឈរ​បញ្ជា និង​សម្រួល​ចរាចរណ៍​នៅ​ចំណុច​នេះ រាប់​ម៉ោង ក្នុង ១​ថ្ងៃៗ​។ អ្នក​ដែល​ត្រូវ​បត់​ឆ្វេង អាច​ទៅ​បត់​នៅ​រង្វង់​មូល ឬក៏​នៅ​ផ្លូវ​ខាងមុខ​។​

​ក៏ប៉ុន្តែ​នៅ​សប្តាហ៍​នេះ ចំណុច​ផ្លូវ​អក្សរ T រវាង​មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវ​ចាក់​ទៅ ហ្គ្រេ​ន ភ្នំពេញ ត្រូវបាន​គេ​ដាក់លូ​កង់ៗ បិទ​ទ្រូងផ្លូវ លែង​ឲ្យ​អាច​ឡាន​ម៉ូតូ បត់​ឆ្វេង​បាន​ទៀតហើយ​។ ការដោះស្រាយ​ដូច្នេះ ក៏​លែងមាន​ការកកស្ទះ​ចរាចរណ៍​នៅ​ចំណុច​ផ្លូវបំបែក​អក្សរ T នេះ​ទៀត​ដែរ​។ នេះ​ជា​វិធី​ពន្លត់ភ្លើង ជាជាង​ឈរ​បក់ផ្សែង​។

​វិធី​នេះ ក៏​ជា​វិធី​សាមញ្ញ​មួយ ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍ ដ៏​មាន​ប្រសិទ្ធភាព ដែល​អាជ្ញាធរ​សមត្ថកិច្ច គួរតែ​យកទៅអនុវត្ត នៅ​ផ្លូវ​ច្រើន​ទៀត នៅ​ភ្នំពេញ ដែល​កកស្ទះ ដោយសារតែ​ការបត់​ឆ្វេង​។ ក្នុងនោះ រួមមាន ផ្លូវ ២៧១ ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដល់​មុខ​ពេទ្យរុស្ស៊ី និង​នៅ​ផ្លូវ​វេ​ង​ស្រេង ចំណុច​មុខ​ពេទ្យ​ឯករាជ្យ ជិត​សួន​កាណាឌីយ៉ា ជាដើម​។​

​នៅលើ​តែ​កំណាត់​ផ្លូវ​២៧១ ដែល​ពីមុន អនុញ្ញាត​ឲ្យ​មាន​ចរាចរណ៍​បត់​ឆ្វេង ត្រង់ចំណុច​ជាប់​របង​វិទ្យាល័យ​សាមគ្គី ក៏​បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​រហូត​ដល់​ស្តុ​ប​ណូគា គឺ​បំបែក​ផ្លូវ​២៧១ និង​ផ្លូវ ២០០៤​។ តែ​នៅពេល​គេ​បិទ​ទ្រូងផ្លូវ ឈប់​ឲ្យ​ឆ្លងកាត់​បត់ ឆ្វេង​តទៅទៀត គឺ​នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​២៧១ ជាប់​របង​សាលា​សាមគ្គី ក្នុង​រាជធានី​ភ្នំពេញ​នេះ លែង​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង​ដូច​មុន​ទៀតហើយ​។ នេះ​ជា​វិធី​ងាយៗ ដែល​អាជ្ញាធរ​សមត្ថកិច្ច បាន​អនុវត្ត ដោយ​មិន​ប្រើ​កម្លាំង ចាំ​សម្រួល​ចរាចរណ៍​កកស្ទះ​រាល់​ព្រឹក ថ្ងៃ និង​រៀងរាល់​ល្ងាច​នោះ​ទៀត​ទេ​។​

​ជាការ​ពិត ការកកស្ទះ​ចរាចរណ៍​សព្វថ្ងៃ ពិសេស​នៅ​ភ្នំពេញ បង្កដោយ​កត្តា​ជាច្រើន​។ ក្នុងនោះ កំណើន​យានយន្ត ដែល​បច្ចុប្បន្ន នៅ​កម្ពុជា មាន​ឡាន និង​ម៉ូតូ ជាង ៥​លាន ៨​សែន​គ្រឿង ក៏​ជា​ផ្នែក​មួយ នាំ​ដល់​ការកកស្ទះ​ចរាចរណ៍​ដែរ​។ ការរំលោភ​ចិញ្ចឹម​ផ្លូវ និង​ទ្រូងផ្លូវ ការឈប់​ចត​យានយន្ត​លើ​ទ្រូងផ្លូវ ការមិន​គោរព​ច្បាប់​ចរាចរណ៍ ការបើកបរ​បញ្ច្រាសទិស ព្រមទាំង​កក្តា​ផ្លូវ​តូចចង្អៀត សាលារៀន ភោជនីយដ្ឋាន សណ្ឋាគារ ហាង​នានា មិនមាន​ចំណត ក៏​សុទ្ធតែជា​មូលហេតុ ដែល​នាំ​ដល់​ការកកស្ទះ​ចរាចរណ៍ ជា​រៀងរាល់ថ្ងៃ នៅ​ភ្នំពេញ ផងដែរ​។​

​ក៏ប៉ុន្តែ​ចំណុច​ដំបូង ដែល​ត្រូវ​ដោះស្រាយ គឺ​អ្នកប្រើប្រាស់​ផ្លូវ ពិសេស​អ្នកបើកបរ​យានយន្ត​ទាំងអស់ ត្រូវ​ចូលរួម​មុនគេ តាមរយៈ​ការគោរព​ច្បាប់ និង​មិន​ឈប់​យានជំនិះ​លើផ្លូវ​ធ្វើដំណើរ ជាដើម​។ រីឯ​អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែ​ប្រើប្រាស់​វិធានការ​ច្បាប់​ឲ្យ​ម៉ឹងម៉ាត់ លើ​អ្នករំលោភ​ចិញ្ចឹម​ផ្លូវ និង​ផ្លូវ​សាធារណៈ ផាកពិន័យ​អ្នក​ល្មើសច្បាប់ រាប់ទាំង​សាលារៀន ភោជនីយដ្ឋាន សណ្ឋាគារ ហាង​នានា ដែល​មិនមាន​ចំណត​ត្រឹមត្រូវ ក៏ត្រូវ​ផាកពិន័យ ឈានដល់​បិទ​ហាង បិទ​សាលារៀន បើ​នៅ​បន្ត​ចត​ឡាន​លើផ្លូវ បង្ក​ការកកស្ទះ​ចរាចរណ៍​ទៀត​នោះ​៕ ល​