ដោយៈ មុនីរ័ត្ន/ភ្នំពេញ : ពិធីសំណេះសំណាលបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំង មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការកងពល (ចោមចៅ )។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា ការរីកចម្រើន របស់កងពល គឺ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ការជួយ សង្គ្រោះ ប្រជាពលរដ្ឋ ទប់ស្កាត់ គ្រោះមហន្តរាយ មណ្ឌល សុខភាព ការជួយ ព្យាបាល ប្រជាជន ដោយ មិន គិតថ្លៃ ។ លោកបានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយកងពលបានប្តេជ្ញាការពារបូរណភាព ទឹកដីការពារ រដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងគាំទ្រយ៉ាងម៉ឹងម៉ាត់ចំពោះគោលជំហ ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកដឹកនាំប្រទេស។ ជាពិសេសសម្រាប់ទិសដៅឆ្នាំ ២០២១ កងពល មាន ផែនការបន្ថែមលើការហ្វឹកហ្វឺនដើម្បីបង្កើននូវសមត្ថភាពដល់ នាយទាហាន នាយទាហានរង និង ពលទាហានជំនាន់ក្រោយ ដែលជាយោធិនវ័យក្មេងបន្តវេនទៅខាងមុខទៀតផង។ កងពល បានត្រៀម ខ្លួន ជាស្រេច អនុវត្ត ដាច់ខាត នូវ បទបញ្ជា របស់ ប្រមុខ រាជរដ្ឋាភិបាល ក្រសួង ការពារជាតិ អគ្គបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានទ័ពជើងគោក ។
លោកបញ្ជាក់ថាមូលហេតុថ្ងៃទី១៥ ខែតុលា នេះ គឺជាខួប២៦ឆ្នាំ ដែលយើងខកខានពុំបានប្រារព្ធពិធីខួបនោះទេ ព្រោះ ពេលនោះយើងទាំងអស់កំពុងបំពេញកាតព្វកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋដែលជាភារកិច្ចចាំបាច់ក្នុងពេលដែលប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ ។ កម្លាំងសង្គ្រោះរបស់កងពលបានបំពេញតួនាទីជម្លៀសប្រជាជន សត្វពាហនៈរកទីទួលសុវត្ថិភាពផង ដឹកជញ្ជូនពួកគេនិងសម្ភារៈត្រឡប់ទៅលំនៅដ្ឋានពេលទឹកស្រកផង ចុះព្យាបាលនិងចែកថ្នាំផង និងដុសលាងសំអាតផ្ទះ ថ្នល់ជូនប្រជាពលរដ្ឋវិញផង ។
សូមជម្រាបថា កងពលតូចលេខ៧០ គឺបង្កើតឡើង នៅថ្ងៃទី១៥ តុលា ឆ្នាំ១៩៩៤ ដែល ដំបូង ឡើយ គឺមានឈ្មោះថា វរសេនាតូចលេខ៧១ បន្ទាប់មកបានប្រែក្លាយ ទៅជាវរសេនាធំលេខ ៧០ មកដល់បច្ចុប្បន្នទើបក្លាយជាកងពលតូចលេខ៧០ ៕សរន