ដោយ: រ៉ាម៉ន / ភ្នំពេញ: ឧបករណ៍សម្រាប់បម្រើឲ្យការត្រួតពិនិត្យជាតិអាកុល ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ មួយចំនួនត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោកឃួង ស្រេង ប្រគល់ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់លើការអនុវត្តការងារ ត្រួតពិនិត្យជាតិអាកុលទៅលើអ្នកបើកបរយាន្តយន្តគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលឧបករណ៍ខាងលើនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០ នៅស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ។
ឧបករណ៍ដែលបានឧបត្ថម្ភដោយលោកឃួង ស្រេងខាងលើនេះ រួមមានម៉ាស៊ីនសំរាប់វាស់ជាតិអាកុលចំនួន ១៦គ្រឿង ម៉ាស៊ីនព្រីនលទ្ធផលជាតិអាកុលចំនួន ១៦គ្រឿងនិងបំពង់ផ្លុំចំនួន៥០០បំពង់ ។
លោក ឃួង ស្រេង នៅក្នុងឱកាសនោះបានមានប្រសាសន៍ណែនាំដល់កងកម្លាំងសមត្ថកិច្ចប៉ូលិសទាំងអស់ត្រូវបន្តដាក់គោលដៅដើម្បីពិនិត្យជាតិអាកុល និងបន្តការខិតខំប្រឹងប្រែងលើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ លោកចេវ ហាក់ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តដាក់របស់លោកឃួង ស្រេង ដែលបានប្រគល់នូវឧបករណ៍សម្រាប់វាស់ជាតិអាល់កុលមួយកំប្លេមកស្នងការនគរបាលរាជធានីភ្នំពេញ។
លោកក៏បានបញ្ជាក់ផងដែរថា៖ ក្នុងរយៈពេលចុងក្រោយនេះបទល្មើសគ្រប់ប្រភេទ បានថយចុះ ចំណែកឯបទល្មើសគ្រោះថ្នាក់ចរាចរណ៍ក៏បានខូចចុះជាមួយគ្នានេះផងដែរ៕ ល