ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធសិក្ខាសាលាមួយ ស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង-សង្កាត់កោះរ៉ុង ដើម្បីជំរុញការអភិវឌ្ឍ និងឆ្លើយតបតាមតម្រូវការ អាទិភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។ នេះបើតាមប្រភពពីរដ្ឋបាល ខេត្តព្រះសីហនុ បានឱ្យដឹងនៅក្នុងថ្ងៃនេះ។
លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានមានប្រសាសន៍ថាៈ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ក្រុងកោះរ៉ុង រៀបចំស្របតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ ស្ដីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ និងសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល នៅថ្នាក់ក្រោមជាតិ និងការកសាងផែនការ វិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ផ្អែកតាមផែនការអភិវឌ្ឍន៍ រយៈពេល៥ ឆ្នាំ (២០២០-២០២៤) នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងកោះរ៉ុង ឆ្លើយតបតាមតម្រូវការ អាទិភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
លោក នួន ប៊ុនថុល បានបន្តថាៈ គម្រោងក្រុងកោះរ៉ុង លើកជូនអង្គសិក្ខាសាលា មាន ៤១ គម្រោង ក្នុងនោះ ១.ផ្នែកសេដ្ឋកិច្ចមាន ១០ គម្រោង , ២.ផ្នែកសង្គមកិច្ច មាន ៦គម្រោង , ៣.ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រប់គ្រងគ្រោះមហន្តរាយ និងការប្រប្រួលអាកាសធាតុ មាន ១៤ គម្រោង , ៤.ផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មាន ១១ គម្រោង ។
គម្រោងសកម្មភាពសង្កាត់ ទាំងពីរ លើកជូនក្នុងអង្គសិក្ខាសាលា មាន ១៣៣ គម្រោង ក្នុងនោះ ១-ផ្នែកសេដ្ឋកិច្ចមាន ១៥ គម្រោង , ២.ផ្នែកសង្គមកិច្ច មាន ៤៨ គម្រោង , ៣.ផ្នែកធនធានធម្មជាតិ និងបរិស្ថាន មាន ៤៤ គម្រោង ,៤-ផ្នែករដ្ឋបាល និងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ មាន ២៦ គម្រោង។
លោក ឈិន សេងងួន អភិបាលរង ខេត្តព្រះសីហនុ បានមានប្រសាសន៍ ក្នុងឱកាសបើកសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់ ក្រុងកោះរ៉ុងថា ដើម្បីធានាឱ្យមានសង្គតិភាព រវាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២១- ២០២៣) របស់រដ្ឋបាលខេត្ត និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលក្រុង និងសង្កាត់កោះរ៉ុង ជាសកម្មភាពមួយ មានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ និងសប្បុរសជន ដែលកំពុងប្រតិបត្តិការ នៅតាមក្រុង សង្កាត់ គោលដៅ ជួយគាំទ្រគម្រោង ឬសកម្មភាពរបស់ក្រុង និងសង្កាត់តាមគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងគោលនយោបាយអភិវឌ្ឍន៍ របស់ស្ថាប័ននីមួយៗ សម្រាប់ស្វែងរកប្រភពមូលនិធិ ជួយគាំទ្រគម្រោងវិនិយោគ ជាអាទិភាពរបស់ក្រុង និងសង្កាត់គោលដៅ រួមចំណែកអភិវឌ្ឍន៍ លើគ្រប់វិស័យ តម្រូវការចាំបាច់ ដល់ការលើកស្ទួយជីវភាព និងសុខមាលភាព របស់ប្រជាពលរដ្ឋ ពិសេសការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងបានរួមចំណែក អនុវត្តឱ្យបានសម្រេច នូវផែនការអភិវឌ្ឍ របស់រដ្ឋបាលក្រុង និងសង្កាត់ តាមគោលការណ៍ណែនាំ ផ្នែកគោលនយោបាយ របស់ក្រុមប្រឹក្សាក្រុង៕/V


