ប្រែសម្រួល : កញ្ញាដាលីស/បាងកក ៖ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ថៃគ្រោងនឹងធ្វើបាតុកម្មថ្មីមួយនៅចុងសប្តាហ៍នេះហើយនឹងដាក់ញត្តិថ្វាយទៅព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន ពោលគឺមួយថ្ងៃបន្ទាប់ពីបដិសេធផែនការដែលផ្តួចផ្តើមដោយសភាដើម្បីបង្កើតគណៈកម្មាធិការមួយដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ។

ក្រុមតវ៉ាឈ្មោះ យុវជនសេរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្មជននឹងប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យនៅទីក្រុងបាងកកនៅថ្ងៃអាទិត្យ (៨ វិច្ឆិកា) មុនពេលថ្វាយលិខិតគាំទ្រការទាមទាររបស់ពួកគេដល់ព្រះមហាក្សត្រ។
ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា និងរដ្ឋបាលរបស់លោកលាលែងពីតំណែងជាបន្ទាន់ កែរដ្ឋធម្មនុញ្ញថ្មី និងកែទម្រង់របបរាជាធិបតេយ្យ។
យុវជនសេរីនិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ការទាមទារទាំងនេះមិនមែនជាជម្រើសទេ ប៉ុន្តែជាមធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យប្រទេសឆ្ពោះទៅរកការចាកចេញពីវិបត្ដិ”។
បាតុករជាច្រើនក្រុម ដែលដឹកនាំដោយយុវជន បានធ្វើបាតុកម្មស្ទើរតែរាល់ថ្ងៃនៅទីក្រុងបាងកកនិងទីក្រុងដទៃទៀតអស់រយៈពេល ៣ខែដែលធ្វើឱ្យមានការប្រមូលផ្តុំប្រឆាំងតបវិញដោយក្រុមគាំទ្ររាជានិយម ដែលជំទាស់នឹងកំណែទម្រង់ណាមួយលើរបបរាជានិយម៕sn