ដោយ: មុនីរ័ត្ន / ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយជាអាវរងាចែកជូនកងទ័ព នៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ខណៈដែលរដូវរងាបាន និងកំពុងឈានមកដល់។ ការចែកជូនអាវរងានេះ គឺតាមរយៈនាយឧត្តមសេនីយ៌ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការការពារកោះឆ្នេរ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកងទ័ព និងតែងជំរុញការដោះស្រាយរាល់បញ្ហារបស់បងប្អូនកងទ័ពយើង។ ជាក់ស្ដែងកន្លងមកនេះ សម្តេចតែងបានចាត់តំណាងឲ្យនាំយកអាវភ្លៀងផ្តល់ជូនមុននៅរដូវភ្លៀង និងផ្តល់អាវរងានៅមុនរដូវរងាមកដល់។
ក្រៅពីការបង្ហាញនូវការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ និងជីវភាពរបស់កងទ័ព នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏នៅបានលើកបង្ហាញពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលទាមទារឲ្យកងទ័ពត្រូវរួមគ្នាថែរក្សា និង ការពារឲ្យបាននូវសមិទ្ធផលទាំងអស់នេះ ដោយមិនត្រូវឲ្យជនអគតិណាមកបំផ្លិចបំផ្លាញនោះឡើយ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបន្តថា សុខសន្តិភាពដែលកំពុងកើតមាននៅកម្ពុជានេះ គឺបានដោយលំបាក ដោយការធ្វើពលិកម្មរាប់មិនអស់ និងមានសារសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត។
ចំណែកឧត្ដមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការការពារកោះ ឆ្នេរ តំណាងឲ្យនាយ និងពលនាវឹកទាំងអស់ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភអាវរងា ដល់កងកម្លាំងនាពេលនេះ។ ជាមួយនោះ លោកមេបញ្ជាការ បានប្តេជ្ញាដាច់ខាត អនុវត្តភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងប្រឆាំងដាច់ខាតនូវរាល់ទង្វើរបស់ជនទុច្ចរិត និងជនអគតិទាំងឡាយ ដែលតែងតែប្រឌិត មូលបង្កាច់ប្រជាភិថុតិ ក្នុងចេតនាអាក្រក់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕ ល

