ដោយៈ រិទ្ធិសែន / កំពង់ឆ្នាំងៈ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៧ អាណត្តិទី៣ របស់ខ្លួន កាលពីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យ និង ឆ្លងរបាយការណ៍ សមិទ្ធផលសកម្មភាពការងារ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានសម្រេចបាន នាខែកន្លងមក។
នៅក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈ នៅក្នុងរយៈពេលកន្លងមកនេះ ខេត្តកំពង់ឆ្នាំង បានជំរុញធ្វើការអភិវឌ្ឍ លើគ្រប់វិស័យ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងកំណើនសេដ្ឋកិច្ចក្នុងខេត្ត ប្រកបដោយចីរភាព។

លោកបានមានប្រសាសន៍ទៀតថាៈ នៅក្នុងអំឡុង នៃស្ថានភាពជំនន់ទឹកភ្លៀង កន្លងមកនេះ ខេត្តកំពង់ឆ្នាំង ក៍បានទទួលរងនូវ ផលប៉ះពាល់មួយចំនួន ពិសេស គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ និងស្រូវរដូវវស្សា របស់ប្រជាកសិករ ហើយមកដល់ពេលនេះក្រុមការងារ តាមមន្ទីរវិស័យ បានចុះទៅសិក្សា វាយតម្លៃផលប៉ះពាល់ ដើម្បីលើកគម្រោងជួសជុល និងស្ដារឡើងវិញ ពិសេសគឺកិច្ចការងារបង្ករបង្កើនផល ស្រូវរដូវស្សា របស់ប្រជាពលរដ្ឋ គឺមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកគម្រោងចែកពូជស្រូវ ជូនកសិករ ដែលរងផលប៉ះពាល់ ។
លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ របស់គណៈអភិបាលខត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នា ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍ លើគ្រប់វិស័យ ទាក់ទាញបាននូវ វិយោគទុន មកបណ្តាក់ទុន ធ្វើអោយប្រជាពលរដ្ឋ មានជីវភាពប្រសើរឡើង ថែមទៀត តាមតំរូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ នៅនៅមូលដ្ឋាន៕v

