តើ​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ត្រូវ​ឆ្លង​និតិ​វិធី​វែងឆ្ងាយ​ទៀត​ឬ​?

337


ដោយៈ​ច្រាយ ចំណាន​/ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅកាន់​ទីក្រុង​បាវិត នៃ​ខេត្តស្វាយរៀង​ស្ថិតនៅក្នុង​និតិ​វិធី​វែងឆ្ងាយ​ទៅមុខទៀត បើ​ទោះ​ក្រុមហ៊ុន​ចិន​បានបញ្ចប់​ការសិក្សា និង​វាយតម្លៃ​ផលប៉ះពាល់​កាលពី​កន្លងមកនេះ​យ៉ាងណាក្តី​។ នេះ​បើ​យើង​តាម​គេហទំព័រ​​ Propertyarea.asia​។​

លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាង ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​បាវិត​នេះ ត្រូវការ​ពេលវេលា​យូ​អង្វែង​ថែមទៀត បើ​ទោះ​គម្រោង​នេះ ត្រូវបាន​ប្រកាស​ពី​ការសិក្សា​បញ្ចប់ ។​


​លោក​បន្តថា “​ក្រសួង​ត្រូវ​ការបើក​កិច្ចប្រជុំ​ជាច្រើនលើក ច្រើនសារ​ថែមទៀត ជាមួយ​ភាគី​ពាក់​ពាក់ និង​ខាង​ក្រុមហ៊ុន ដើម្បី​ជជែក​លម្អិត និង​ពិភាក្សា​ជាមួយគ្នា​ច្រើន​ទៀត​”​។ លោក​បន្តថា “​ខ្ញុំ​មិនអាច​ប្រាប់​ពី​ព័ត៌មាន​លម្អិត​បានទេ ខ្ញុំ​គ្រាន់តែ​អាច​ប្រាប់ថា នៅ​បន្ត​និតិ​វ​ធី​វែងឆ្ងាយ​ត​ទៅមុខទៀត ក្នុងន័យនេះ​មិនមែន​គ្រាន់តែ​ប្រជុំ​មួយដង ឬ​ពីរដង​ត្រូវ​បញ្ចប់​នោះទេ ”​។​


​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ខែកញ្ញា បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​និង​ពិភាក្សា​លើ​របាយកាណ៍​ស្តីពី​លទ្ធផល នៃ​ការសិក្សា​បច្ចេកទេស នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ដែល​សិក្សា​បញ្ចប់​ដោយ​ក្រុមហ៊ុន​ចិន​China Railway International Group Co., Ltd​។​


​យោងតាម​របាយការណ៍​សិក្សា​របស់​ក្រុមហ៊ុន​បាន​បង្ហាញថា គម្រោង​សាងសង់​ផ្លូវ​នេះ​មាន​បី​ជម្រើស ផ្អែក​តាម​ទីតាំង​ភូមិសាស្ត្រ និង​ផលប៉ះពាល់​ជា​ផ្លូវ​រចនា​ឡើង សម្រាប់​ល្បឿន​លឿន​បំផុត​ត្រឹម​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ស្របតាម​អនុស្សរណៈ​យោគយល់​រវាង​កម្ពុជា​និង​វៀតណាម​។​


​ផ្អែក​តាម​ផែនការ ក្រុមហ៊ុន​ចិន​China Railway International Group Co., Ltd បញ្ជាក់ថា នឹង​ផ្តល់​របាយការណ៍​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ នៅ​ពាក់កណ្ដាល​ខែតុលា ឆ្នាំ​២០២០​កន្លងមកនេះ ដើម្បី​យក​ជា​មូល​ដ្ឋាន ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ពាក់​ត្រួតពិនិត្យ និង​សិក្សា​មុននឹង​សម្រេចចិត្ត​។​
​លោក សោម ម៉ា​លីដា អ្នកជំនាញ​អចលនទ្រព្យ​មួយរូប នៅ​ទីក្រុង​បាវិត​ធ្លាប់បាន​ឡើង​ឡើង​ថា នៅពេល​ដែល​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត​ចេញ​ជា​រូបរៀង​នឹង​ជះឥទ្ធិពល​វិជ្ជមាន ដល់​ការ​វិស័យ​អចល​នទ្រព្យ​នៅក្នុង​ទីក្រុង​បាវិត​។​


​លោក​បន្ថែមថា “​គម្រោង​នេះ​គឺជា​កត្តា​មួយ ក្នុងការ​ទាក់ទាញ​វិនិយោគ​បន្ថែម​ដូចជា រោងចក្រ និង​គម្រោង​វិនិយោគ​ផ្សេង ព្រោះ​បាត​វិត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​រោងចក្រ តំបន់​ផែស្ងួត​”​។​
​លោក​​​បន្ថែមថា នៅក្នុង​វិស័យ​អចលនទ្រព្យ អោយតែ​មានការ​វិនិយោគ​ច្រើន ធ្វើឱ្យ​វិស័យ​ដីធ្លី​និង​តម្រូវ​ការ​កាន់តែ​កើនឡើង ហើយ​វា​ថែមទាំង​បង្កើត​ការងារ​កាន់តែច្រើន​សម្រាប់​ប្រជាជន​នៅក្នុង​ស្រុក និង​ជនបរទេស​ក៏​មក​ធ្វើការ​ដែរ ដូច្នេះ​វា​ធ្វើឱ្យ​ចរន្ត​នៃ​ការចាយវាយ តម្រូវការ​កន្លែង​ស្នាក់នៅ​កើនឡើង ដែល​ជះឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​ផងដែរ​៕​