ការស្រាវជ្រាវ​រកឃើញ​ថា បារី ២៨ ភាគរយ ដាក់លក់ មិនមាន​បិទ​តែមប្រិ៍ពន្ធ​


ដោយៈ មេសា​/​ភ្នំពេញៈ សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា ដើម្បី សុខភាព កម្ពុជា ( CMH ) ចេញផ្សាយ​នៅ​ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ បាន​អះអាងថា “ លទ្ធផល នៃ ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញេ ដេប៉ាត់ម៉ង់ចិត្តវិទ្យា អំពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា បាន​រកឃើញថា ២៨ ភាគរយ នៃ បារី​នាំចូល​ទាំងអស់ ដែល​កំពុង​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ កម្ពុជា មិនមាន​បិទ​តែមប្រិ៍​ពន្ធ របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ “​។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ អង្គការ​ចលនា ដើម្បី សុខភាព កម្ពុជា បាន​ដកស្រង់​សេចក្តី​សម្ភាសន៍​របស់ខ្លួន​ជាមួយ​អាជីវករ​លក់​បារី​បាន​ឲ្យ​ដឹងថា បារី​ដែល​មិនមាន​តែមប្រិ៍​ពន្ធ​ទាំងនោះ បានមកពី​ការចែក​ចាយ​ដោយ ភ្នាក់ងារ​ក្រុមហ៊ុន​បារី និង បានមកពី​ការទិញ​ផ្ទាល់​នៅតាម​ដេប៉ូ​បោះ​ដុំ ។ អាជីវករ​លក់​បារី​ដែល​បាន​សម្ភាស​ទាំង​នោះបាន​ប្រាប់ថា​ភ្នាក់ងារ​ក្រុមហ៊ុន​បារី​តែងតែ​ចែកចាយ​បារី​ដល់​ពួកគាត់​ជាប្រចាំ ហើយ​ពេលដែល​មិនមាន​ភ្នាក់ងារ​ក្រុមហ៊ុន​មក គាត់​ទៅ​ទិញ​ផ្ទាល់​នៅ​ដេប៉ូ​លក់ដុំ ។​

លោក​វេជ្ជបណ្ឌិត យ៉ិ​ល ដារ៉ាវុធ មន្ត្រី​បច្ចេកទេស​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៃ អង្គការ​សុខភាព​ពិភពលោក ( WHO ) ប្រចាំ កម្ពុជា បាន​លើកឡើងថា “ បារី​ដែល​មិនមាន​បិទ​តែមប្រិ៍​ពន្ធ​គឺជា​បារី​ខុសច្បាប់ ។ បារី​ខុសច្បាប់​គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ នៃ កិច្ចការ​ត្រួតពិនិត្យ​ថ្នាំជក់​នៅ កម្ពុជា ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើអោយ​ខាតបង់​ចំណូល​ពន្ធ​រដ្ឋ​នោះទេ ថែមទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ជំងឺ​ដែល​បង្ក​ពី​ការជក់បារី​កាន់តែច្រើន ដោយសារតែ​ការប្រើប្រាស់​ថ្នាំជក់​កើនឡើង “ ។
​ការស្រាវជ្រាវ​របស់​អង្គការ UNDP FCTC WHO និង RIT International បាន​បង្ហាញថា បារី​ដែល​មិនបាន​បង់ពន្ធ បានរួម​ចំណែក​ធ្វើអោយ​បាត់បង​ចំណូល​ពន្ធ​របស់​រដ្ឋាភិបាល ។ ប្រសិនបើ​រដ្ឋាភិបាល ទប់ស្កាត់​បារី​គេចពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព នោះ​កម្ពុជា​នឹង​ទទួលបាន​ចំណូល​ពន្ធ​ចំនួន ៧ ភាគរយ បន្ថែម​លើ​ពន្ធ​ដែល​ប្រមូលបាន​ពី​ពន្ធ​ថ្នាំជក់​ក្នុងពេល​បច្ចុប្បន្ន​។​
​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី សុខភាព កម្ពុជា បាន​លើកឡើងថា ក្រៅពី​បារី​ដែល​មិនបាន​បង់ពន្ធ ហើយ​ដែល​តាំង​លក់​ព្រោងព្រាត​លើ​ទីផ្សារ កម្ពុជា ដែល​យកពន្ធ​លើ​ផលិតផល​ថ្នាំជក់​ទាប​បំផុត ក្នុងចំណោម​ប្រទេស​អាស៊ាន ដែល​ការណ៍​នេះ​ជុំរុញ​ទៅរក​មហន្តរាយ​សុខភាព និង​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ។​
ការប្រើប្រាស់​ថ្នាំជក់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​យ៉ាង​ធំធេង​។ ក្នុង​មួយឆ្នាំៗ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាន ១៥ ០០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​បង្ក​ពី​ការប្រើប្រាស់​ថ្នាំជក់ ហើយ​ថវិកា​ប្រមាណ ៦៥៦ លាន​ដុល្លារ​អាម៉េរិក​ត្រូវបាន​ខាតបង់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...