Home ព័ត៌មានអន្តរជាតិ មន្ត្រី​រៀបចំ...

មន្ត្រី​រៀបចំ​ការបោះឆ្នោត​បារម្ភ​អំពី​សុវត្ថិភាព នៅពេល​អ្នកគាំទ្រ​ត្រាំ​ធ្វើបាតុកម្ម​អុកឡុក​រំខាន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ ក្រុម​មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅក្នុង​រដ្ឋ​អាម៉េរិក​ជាច្រើន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​វិច្ឆិកា​ថា​ពួកគេ​មាន​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​បុគ្គលិក​​របស់​ពួកគេ​ចំពេល​មាន​ការគំរាមកំហែង​និង​ការប្រមូលផ្តុំ​ក្រុមអ្នកតវ៉ា​ដ៏​ខឹងសម្បា​នៅ​ខាងក្រៅ​ទ្វារ​ការិយាល័យ​របស់​ពួកគេ ក្រោយ​មាន​ការអះអាង​ដោយ​គ្មាន​មូលដ្ឋាន​ពី​ប្រធានាធិបតី​ដូណាល់ ត្រាំ​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត​ក្នុងការ​ប្រណាំងប្រជែង​តំណែង​នៅ​សេត​វិមាន​។​

​លោក ចូ គ្លូ​រៀ ជា​អ្នក​ចុះ​បញ្ជី​ឈ្មោះ​នៅ​ទីក្រុង​ក្លាក​ខោ​ន​ធី រដ្ឋ​ណេវ៉ា​ដា ដែល​រួម​បញ្ចូល​ទាំង​ទីក្រុង​ឡា​ស វេ​ហ្គាស បាន​និយាយថា​”​ខ្ញុំ​អាច​ប្រាប់​អ្នក​ថា​ភរិយា​ខ្ញុំ​និង​ម្តាយ​ខ្ញុំ​មាន​ការព្រួយបារម្ភ​ខ្លាំងណាស់​​សម្រាប់​ខ្ញុំ​”​។ លោក​បាន​និយាយថា បុគ្គលិក​របស់​លោក​កំពុង​ពង្រឹង​សន្តិសុខ​និង​តាមដាន​យានយន្ត​ដែល​ចេញ​ចូល​ពី​ការិយាល័យ​បោះឆ្នោត​។​

​ប៉ុន្តែ​លោក​បាន​បន្ថែមថា​លោក​និង​អ្នក​ផ្សេង​ទៀត​នឹង​មិន​ត្រូវបាន​បញ្ឈប់​ពី “​ការធ្វើ​អ្វី​ដែល​ជា​កាតព្វកិច្ច​របស់​យើង​និង​ការរាប់​សន្លឹកឆ្នោត​នោះ​ទេ​”​។​

​ក្រុម​អ្នកគាំទ្រ​លោក​ត្រាំ​បាន​ប្រមូលផ្ដុំ​គ្នា​នៅឯ​ទីតាំង​បោះឆ្នោត​នៅ​ទីក្រុង​ហ្វូ​និក ទីក្រុង​ដេ​ត្រ​យ និង​ទីក្រុង​ហ្វីឡា​ដែល​ហ្វៀ ដោយនិយាយ​បន្តុះបង្អាប់​អំពី​ការ​រាប់​សន្លឹកឆ្នោត​ដែល​បង្ហាញ​បេក្ខជន​​បក្ស​ប្រជាធិបតេយ្យ​លោក ចូ បៃ​ដិន នាំមុខ​ឬ​ទទួល​បាន​ជោគជ័យ​។​

​ខណៈពេល​ដែល​ការតវ៉ា​មិន​មាន​អំពើ​ហិង្សា​ឬ​ធំដុំ មន្ត្រី​មូលដ្ឋាន​មានការ​ព្រួយបារម្ភ​និង​រង​សម្ពាធ​ដោយ​ការចោទប្រកាន់​ឥតឈប់ឈរ​។​

​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ​មី​ស៊ី​ហ្គែ​ន លោកស្រី ដា​ណា ណេ​ស​សែ​ល បាន​សរសេរ​សារ​អង្វ​រថា “​ឈប់​រំខាន​និង​គំរាមកំហែង​ដល់​បុគ្គលិក​” របស់គាត់​។

​ថ្លែង​ទៅ​កាន់ CNN មន្ត្រី​រដ្ឋ​អា​រី​ហ្សូ​ណា លោកស្រី​ខា​ធី ហ​ប់ និយាយថា ក្តីបារម្ភ​ធំ​របស់​លោកស្រី​គឺ​សុវត្ថិភាព​របស់​បុគ្គលិក ប៉ុន្តែ​ថា តម្រួត​បានផ្តល់​ការការពា​រហើយ​។ លោក​ស្រី​និយាយថា​បាតុករ​​បាន​បង្ក​ការពន្យារពេល​និង​ការរំខាន និង​រារាំង​បុគ្គលិក​ទាំងនោះ​មិនឱ្យ​ធ្វើ​ការងារ​”​។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកគាំទ្រ​ត្រាំ​ប្រមាណ ១០០ នាក់​បាន​ជួបជុំគ្នា​ម្តងទៀត​នៅ​ពី​មុខ​មណ្ឌល​បោះឆ្នោត​ម៉ា​រីកូ​ប៉ាខោ​នធី​ក្នុង​ទីក្រុង​ហ្វូ​និក​។ អាជ្ញាធរ​បាន​ប្រើ​រនាំង​ដើម្បី​បង្កើត​”​តំបន់​សេរីភាព​​នៃ​ការបញ្ចេញមតិ​” និង​ទុក​ឱ្យ​ច្រកចូល​បើកចំហ​។ អ្នកគាំទ្រ​ត្រាំ​ប្តូរ​វេន​គ្នា​ស្រែកថា “​រាប់​សន្លឹកឆ្នោត​!” និង “៤​ឆ្នាំ​ទៀត​!” និង​តវ៉ា​តាមរយៈ​ម៉ៃក្រូ​ហ្វូន​អំពី​ដំណើរការ​រាប់​សន្លឹកឆ្នោ​ត​។

​ពួកគេ​បាន​ឈប់​ស្រែក​ខណៈ​ត្រាំ​និយាយ​ពី​សេត​វិមាន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយនិយាយ​ដដែលៗ​អំពី​ការលួចបន្លំ​សន្លឹក​ឆ្នោត​ដោយ​គ្មាន​ភស្តុតាង​។​

​ពួក​គេ​ស្រែក​ហ៊ោ​និង​ទះដៃ​នៅពេល​លោក​ប្រធានាធិបតី​និយាយថា “​យើង​កំពុង​នៅលើ​មា​គា​ឈ្នះៗ​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​។ តែ​ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា​លោកចូ​បៃ​ដិន​ឈ្នះ​​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​៕sn

អ្នកគាំទ្រ​ត្រាំ​តវ៉ា​នៅ​មុខ​មណ្ឌល​បោះឆ្នោត​នៅតាម​រដ្ឋ​ជាច្រើន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាំ​អោយ​បុគ្គលិក​បោះឆ្នោត​មាន​ការព្រួយបារម្ភ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular