ដោយៈសុផល/ភ្នំពេញៈក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលស្តីពី«ការអនុវត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារ ក្នុងវិស័យទេសចរណ៍ ការរៀបចំកន្លែលក់ឱ្យមានអនាម័យនិងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករលក់ដូរនៅតាមផ្លូវ។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោក ហ៊ួត រិទ្ធីប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត នៃក្រសួងទេសចរណ៍, លោកស្រី សុំ ចិន្តា អភិបាលរងខេត្តបាត់ដំបង,លោករស់ សុភានាយកផ្នែកច្បាប់និងកិច្ចការសាធារណៈក្រុមហ៊ុនកូកាកូឡា ប្រចាំកម្ពុជា មន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តអាជីវករលក់ម្ហូបអាហារនៅតាមផ្លូវ( Food Street) មួយចំនួនចូលរួមដោយការឧប្ថមគាំទ្រពីក្រុមហ៊ុនកូកាកូឡាកម្ពុជា ផងដែរ។

លោក ហ៊ួត រិទ្ធី បានលើកឡើងថាវគ្គបណ្តុះបណ្តាជាមេរៀនផងនិងបទពិសោធន៍ផងដល់អាជីវករជាចុងភៅបានយកចំណេះដឹង យកទៅអនុវត្តលើអាជីវកម្មរបស់ខ្លួនប្រកបដោយអនាម័យល្អ ទីក្រុងស្អាតក្នុងវិស័យទេសចរណ៍ការអនុវត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារ ក្នុងវិស័យទេសចរណ៍ ការរៀបចំកន្លែងលក់ឱ្យមានអនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវទេសចរទូទៅបានចូលមកពិសារម្ហូបអាហារដោយមានទំនុកចិត្តខ្ពស់ផងដែរ។
ឱសថការី ហាស់ អសនី ប្រធានការិយាល័យនីតិកម្មសុខាភិបាល និមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឡើងធ្វើបទបង្ហាញពន្យល់លម្អិត ដល់អាជីវករ និងមន្ត្រីពាក់ព័ន្ធបានដឹង និងបានយល់ច្បាស់ពីការចម្អិនម្ហូបអាហារ ប្រកបដោយអនាម័យស្អាត ផាសុកភាពខ្ពស់ ដោយប្រុងប្រយ័ត្នបំផុត ដោយត្រូវពាក់មួកចុងភៅ ពាក់ម៉ាស់ជាប្រចាំ ទាំងខ្លួនជាអ្នកចម្អិនម្ហូបអាហារ និងជាអាជីវករលក់ជូនភ្ញៀវទូទៅ ហើយអ្នកលក់ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្ញៀវទូទៅផង ព្រោះយើងមិនអាចធ្វេសប្រហែស និងមិនអាចមើលឃើញនឹងភ្នែកទទេថា អ្នកណាមានផ្ទុកជំងឺកូវីដ-១៩ និងជំងឺផ្សេងទៀតនោះឡើយ។


ឱសថការី ហាស់ អសនី បានបន្តថា អ្វីដែលមានប្រសិទ្ធភាពល្អសុវត្ថិភាពល្អនោះអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍នៅលើម្ហូបអាហារនេះឯង។ ពិសេសត្រូវនាំគ្នាអនុវត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារក្នុងវិស័យទេសចរណ៍ការរៀបចំកន្លែងលក់ឱ្យអនាម័យល្អគ្រប់ពេលវេលា។
លោក រស់ សុភា បានឱ្យដឹងថា ក្រុមហ៊ុនកូកាកូឡា តែងតែបានចូលរួមសហការលើគ្រប់វិស័យជាមួយអង្គភាពរដ្ឋ ក្រុមហ៊ុនឯកជន កិច្ចការមនុស្សធម៌ក្នុងសង្គមជាច្រើន ទូទាំងប្រទេសកម្ពុជា ពិសេសគ្រោះទឹកជំនន់ថ្មីៗនេះ និងមានការគាំទ្រជាច្រើនពីអតិថិជន ដោយនៅក្នុងវគ្គបណ្តុះបណ្តាលនេះក្រុមហ៊ុនបានឧត្ថមដល់អាជីវករលក់ដូរជាអ្នកចូលទាំងអស់ម្នាក់ៗ ទទួលបានទឹកក្រូចកូកាកូឡាចំនួន ៣កេស ផងដែរ។


អភិបាលរងខេត្តបាត់ដំបងលោកស្រី សុំ ចិន្តា បានផ្តាំផ្ញើដល់អាជីវករលក់ម្ហូបអាហារទាំងអស់ដែលបានទទួលវគ្គបណ្តុះបណ្តាលចំណេះដឹងទាំងនេះយកទៅប្រើប្រាស់ឱ្យចំគោលដៅនិងធានាសុវត្ថិភាពលើការលក់ម្ហូបអាហារមានអនាម័យស្អាត រួមផ្សំនឹងទីក្រុងស្អាតផងនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកស្នាក់នៅ ឬដំណើរឆ្លងកាត់ខេត្តបាត់ដំបង ជាដើម។
លោកស្រីបានបានបញ្ជាក់ថា អាជីវករលក់ដូរទូទៅ គួរប្រើសម្តីសមរម្យ សុភាពទន់ភ្លន់មានការរាក់ទាក់ ដល់ភ្ញៀវដែលបានចូលកន្លែងរបស់គាត់ លក់ក្នុងតម្លៃថោកសមរម្យមានអនាម័យស្តង់ដារគុណភាពខ្ពស់ សូមឱ្យបានស្អាតជាប្រចាំថ្ងៃផងដែរ៕