ប្រែសម្រួល : កញ្ញាដាលីស/ក្រិច ៖ ទន្ទឹមការកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណាកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលនៅតាមបណ្តាប្រទេសអឺរ៉ុបជាច្រើននោះ ក្រិចបានប្រកាសពីការបិទប្រទេសទាំងមូលកាលពីថ្ងៃព្រហស្បតិ៍ទី៥វិច្ឆិកាដោយសង្ឃឹមទប់ស្កាត់ការកើនឡើងនៃអ្នកជំងឺ មុនពេលមន្ទីរពេទ្យរបស់ខ្លួនស្ថិតក្រោមសម្ពាធមិនអាចទ្រាំទ្របាន។
នាយករដ្ឋមន្ត្រីក្រិចលោក គីរីអាកូស មីតសូតាគីស បាននិយាយថា លោកចាត់វិធានការនេះ មុនពេលអត្រាឆ្លងឈានដល់កម្រិតដែលឃើញនៅក្នុងប្រទេសជិតខាងជាច្រើនពីព្រោះបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុជាច្រើនឆ្នាំដែលបានបំផ្លាញប្រព័ន្ធសុខាភិបាលរបស់ក្រិច ប្រទេសនេះមិនអាចរង់ចាំយូរទៀតឡើយក្នុងការដាក់ការរឹតបន្តឹង។
លោកមីតសូតាគីសនិយាយថា “យើងត្រូវតែបញ្ឈប់រលកនៃការឆ្លងនេះ។ ជាថ្មីម្តងទៀត ខ្ញុំបានជ្រើសរើសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឱ្យបានឆាប់ៗជាជាងទុកឱ្យយឺតពេល”។
មុនពេលមានជំងឺកូវីដ១៩ ក្រិចមានអត្រាទាបបំផុតនៃការចូលដេកមន្ទីរពេទ្យគិតលើមនុស្សម្នាក់ៗនៅអឺរ៉ុប។ ចាប់តាំងពីពេលនោះមក ចំនួនអ្នកដេកមន្ទីរពេទ្យបានកើនឡើងទ្វេដងគឺចំនួន ១.០១៣ នាក់។ ប៉ុន្តែក្នុងចំណោមគ្រែចំនួន ៣៤៨ ដែលទុកសម្រាប់អ្នកកើតកូវីដ១៩ ឥឡូវនៅសល់គ្រែតែ ១២៨ ប៉ុណ្ណោះនៅទំនេរ។
ចំនួនគ្រែនេះនឹងមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងអ្វីដែលលោកមីតសូតាគីនិយាយថាអាចជាការចូលដេកមន្ទីរពេទ្យចំនួន ១.០០០ នាក់ក្នុងរយៈពេល ១០ ថ្ងៃទៀត ដែលក្នុងនោះប្រហែល ១៥០នាក់ទំនងជាត្រូវការការព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ (ICU)៕sn