ប្រែសម្រួលៈវាសនា/បាងកក៖នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៥វិច្ឆិកាថា លោករីករាយនឹងអោយមនុស្សគ្រាន់បើជាងម្នាក់ចូលជំនួសរូបលោកជានាយករដ្ឋមន្ត្រីនៃប្រទេសថៃឡងដ៍និងបានអះអាងថាលោកនឿយណាយនឹងប្រើអំណាចរបស់លោក។
លោកបាននិយាយដូច្នេះថា «បើនៅពេលអនាគត មានបុគ្គលណាគ្រាន់បើជាងខ្ញុំ មានសមត្ថភាពជាង ស្មោះត្រង់ជាង ឬប្រហាក់ប្រហែល មិនថាប្រុសឬស្រីទេ អាចបន្តការងារដឹកនាំប្រទេសនេះបាន។តែការស្ថិតក្នុងតំណែងនេះ មិនមែនជារឿងលេងសើចទេ ។ខ្ញុំបានប្រើសិទ្ធិអំណាចច្រើនពេលខ្ញុំនៅជាប្រមុខកងទ័ពរាប់ឆ្នាំ។ខ្ញុំឆ្អែតឆ្អន់នឹងការប្រើអំណាច ។ខ្ញុំបានប្រើអំណាចដើម្បីមើលថែប្រជាជនល្អ និងដាក់ទោសជនណាដែលប្រព្រឹត្តអាក្រក់…»។

លោកប្រាយុទ្ធ បាននិយាយដូច្នេះ នៅពេលលោកឡើងជាវាគ្មិននៅពិធីបើកកម្មវិធីសិក្សាមួយនៅមហាវិទ្យាល័យការពារជាតិថៃ។
លោកបានបន្តថា លោកមិនដែលរំពឹងថាបានក្លាយជានាយករដ្ឋមន្ត្រីទេ ហើយភ្ញាក់ផ្អើលដែរដែលបានស្ថិតក្នុងតំណែងនេះអស់៦ឆ្នាំមកនេះ តែ«មនុស្សជាច្រើនថាខ្ញុំប្រើអំណាចខុសច្បាប់ ខ្ញុំអត់ដឹងថាខ្ញុំបានរំលោភច្បាប់ត្រង់ណា។ខ្ញុំធ្វើតាមច្បាប់ទាំងអស់»។
លោកបានស្នើសុំអោយប្រជាជនថៃជួយជំរុញឯកភាពជាតិ និងបាននិយយាថាយុទ្ធសាស្ត្រជាតិ២០ឆ្នាំ មិនមានន័យថាលោកចង់ក្រាញនៅក្នុងអំណាច២០ឆ្នាំទេគឺថា «ខ្ញុំអាចងាប់ថ្ងៃនេះ ឬថ្ងៃស្អែកគ្មាននរណាដឹងទេ»។
ការព្រលយពាក្យដ៏ភ្ញាក់ផ្អើលនេះកើតឡើងចំពេលពួកបាតុករប្រឆាំងរដ្ឋាភិបាលប្តេជ្ញាថានឹងចេញមកប្រឆាំងតវ៉ាជាថ្មីនៅក្រុងបាងកកនាថ្ងៃអាទិត្យនេះ ហើយបានធ្វើការទាមទារ៣ចំណុចជាថ្មី គឺលោកប្រាយុទ្ធចុះចេញពីតំណែង សរសេររដ្ឋធម្មនុញ្ញឡើងវិញ និងកែទំរង់របបរាជានិយម៕