ដោយៈសរិទ្ធ/ភ្នំពេញៈ សំណុំរឿងអតីតឧកញ៉ា ហូរ ចំរើនជាប់ចោទពីបទ រំលោភលើទំនុកចិត្តដែលត្រូវបើកសវនាការជំនុំជម្រះនៅ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ត្រូវបានមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្នើសុំលើកពេលសវនាការជំនុំជម្រះនេះទៅថ្ងៃក្រោយវិញ។
សវនាការនេះមានលោក ពេជ្រ វិជ្ជាធរ ជាចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ជាតំណាងអយ្យការព្រមទាំងមានការចូលរួមពី មេធាវីការពារឲ្យជនជាប់ចោទ ហូរ ចំរើន ចំនួន៩រូប ។
សំណុំរឿងនេះមានលោក KIM YUNGIL ជនជាតិកូរ៉េ ជាដើមបណ្ដឹងរដ្ឋប្បវេណី ។
គួររំលឹកថា អតីតឧកញ៉ា ហូរ ចំរើន ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ពាក់ព័ន្ធករណីបាញ់បោះជិត ១០គ្រាប់គំរាម ក្រុមគ្រួសារ ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សំណុំរឿងនោះត្រូវបានតុលាការផ្ដន្ទាទោសលោក ហូរ ចំរើន ដាក់ពន្ធនាគារ១៨ ខែ ។
ស្ថិតក្នុងការឃុំខ្លួនលើបណ្តឹង១នេះ លោក ហូរ ចំរើន បានរងនូវបណ្តឹងរបស់ក្រុមហ៊ុនចិននិងកូរ៉េ ចំនួន៣ទៀត បានប្ដឹងមកតុលាការពាក់ព័ន្ធនិងបទ រំលោភលើទំនុកចិត្ត និងបទឆបោក ដែលមានទឹកប្រាក់ច្រើន រយលានដុល្លារ ដែលមានរឿងខ្លះតុលាការបានកាត់ទោសរួចហើយ និងរឿងខ្លះ តុលាការមិនទាន់បើកសវនាការជំនុំជម្រះនៅឡើយទេ ។
តែទោះជាយ៉ាងណាក្តី លោក ហូរ ចំរើន ត្រូវបានតុលាការកំពូលសម្រេចដោះលែងឲ្យនៅក្រៅឃុំវិញហើយ ។ ការដោះលែងនោះត្រូវបានអនុរក្សពន្ធនាគារប៉េហ្ស៊ី យកដីកាទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា.សូវៀត ដើម្បីដោះលែងនាពេលព្រលប់ថ្ងៃទី២៨ខែតុលាឆ្នាំ២០២០បង្ឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕