ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញទៅបាញ់ថ្នាំ សម្លាប់មេរោគ នៅអគារមិត្តភាព ទីស្តីការគណ:រដ្ឋមន្ត្រី ដើម្បីប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ។
ប្រតិបត្តិការនេះ ធ្វើឡើង បន្ទាប់ពីមានបទបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានបញ្ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ ចុះទៅបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងអគារធ្វើការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយពីរដ្ឋមន្ត្រី ការបរទេស និងពាណិជ្ជកម្មហុងគ្រី មានជំនួបជាមួយថ្នាក់ដឹកនាំ មួយចំនួននៅទីនោះបានចាក ចេញពីកម្ពុជា និងត្រូវបានធ្វើតេស្ត រកឃើញថា មានផ្ទុកមេរោគកូវីដ១៩ នៅទីក្រុងបាងកក ដោយមន្ត្រីចត្តាឡីស័ក។
សូមជំរាបថា ការបាញ់ថ្នាំសំលាប់មេរោគនេះ បានដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលការងារសង្គ្រោះ។
រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីធើ ហ្សីចាតូ បានធ្វើតេស្តរកឃើញវិជ្ជមាន វីរុសកូវីដ ១៩ នៅពេលលោក កំពុងធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច ផ្លូវការ នៅកម្ពុជា។ នៅពេលដែលរដ្ឋមន្ត្រី និងប្រតិភូ អញ្ជើញទៅដល់ទីក្រុងបាងកក នៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះ បានបញ្ជាក់ថា រដ្ឋមន្ត្រី មានលទ្ធផលវិជ្ជមាន។
សូមបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ បានធ្វើតេស្ត និងមានវិញ្ញាបនបត្រ សុខភាព បញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា។
ចំណែកក្រសួងសុខាភិបាលបានបញ្ជាក់ថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ក្នុងចំនួននេះ មានជនជាតិហុងគ្រី ១នាក់ ដែលទទួលបានលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា។ ដូច្នេះចំនួនសរុបអ្នកប៉ះពាល់ទាំងអស់ មាន ៨៤០នាក់ សម្រាប់ថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ ១៩ ទាំងអស់៕PC






