
ដោយៈផាត ចាន់សុនិតា/ភ្នំពេញៈស៊ុយអែតគឺជាប្រទេសមួយដែលបានជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាភ្លាមៗ ក្រោយពេលរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ ២៨ឆ្នាំក្រោយមក លោក ថូម៉ាស់ ហាម៉ាប៊ឺក គឺជាជនជាតិស៊ុយអែតតំណាងឲ្យអគ្គលេខាធិកាអង្គការសហប្រជាជាតិ(អ.ស.ប)ដែលបានដឹកនាំការចរចារ និងឈានទៅដល់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិក្នុងការបង្កើតឲ្យមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។
លោកឆាំងយុបានមានប្រសាសន៍ថា«ថ្វីត្បិតតែតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមទទួលការរិះគន់ដ៏សមហេតុសមផលមួយចំនួនក្តីប៉ុន្តែតុលាការនេះគឺជាសមិទ្ធផលមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលគួរឲ្យកត់សម្គាល់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។

ប្រទេសស៊ុយអែតបន្តការគាំទ្រចេញពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមទៅដល់ការអប់រំអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនៅក្នុងថ្នាក់រៀននិងនៅតាមមូលដ្ឋានព្រមទាំងការធានាឲ្យមាននូវកេរដំណែលនៃការផ្សះផ្សានិងគោរពសិទ្ធិមនុស្សថែមទៀតផង។ ប្រទេសស៊ុយអែត បានគាំទ្រដល់មជ្ឈមណ្ឌលឯកសារកម្ពុជាចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន។ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប៊ីចូន ហេកម៉ាគ ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា និងបុគ្គលិករបស់លោក អញ្ជើញទស្សកិច្ចនៅការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និង «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
ក្នុងអំឡុងទស្សនកិច្ចនៅការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាភ្ញៀវកិត្តិយសបានជួបសំណេះសំណាលជាមួយបុគ្គលិក និងយល់ដឹងអំពីការងារទូទៅរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកស្រី សូ ហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវ, មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យខ្មែរក្រហមនៅតាមបណ្តាខេត្តទាំង១០ ដែលគឺជាផ្នែកមួយនៃគម្រោងអប់រំអំពីរបបកម្ពុជាប្រជាធិបតេយ្យ នៃគម្រោងសំណងតាមផ្លូវតុលាការ នៅក្នុងក្របខណ្ឌនៃសំណុំរឿង០០២ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីឆ្នាំ២០១៣។ បន្ទាប់មក ភ្ញៀវកិត្តិយសបានអញ្ជើញទៅកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ បានរៀបរាប់ជូនភ្ញៀវកិត្តិយសអំពី ១) ពិព័រណ៍សំខាន់ៗទាំងពីររបស់បណ្ណាល័យសម្តេចម៉ែរួមមានពិព័រណ៍ព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ និងអត្ថន័យប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹតរបស់លោកស្រី ហ្សាហា ហាឌីដ ដែលជាស្ថាបត្យករល្បីល្បាញនិងកម្រមួយរូប និង២) បរិក្ខារនានានិងម៉ាស៊ីនផ្ទុកឯកសារជាទម្រង់ឌីជីថលរបស់បណ្ណាល័យសម្តេចម៉ែ។
ម៉ាស៊ីនផ្ទុកឯកសារឌីជីថលមានផ្ទុកឯកសារជាង១,៧លានទំព័រ រួមមានឯកសារជាសន្លឹក រូបថត ភាពយន្ត បទសម្ភាស និងឯកសារជាសំឡេងរបស់អ្នករស់រានមានជីវិតក្នុងសម័យខ្មែរក្រហម ដែលត្រូវបានធ្វើឲ្យមានគុណភាពខ្ពស់ ដើម្បីធានាដល់ការអភិរក្សលើឯកសារឲ្យបានគង់វង្ស។ បណ្តុំឯកសារខាងលើត្រូវបានប្រមែប្រមូលមកពីច្រើនប្រភព ក្នុងនោះស៊ុយអែតក៏ជាអ្នកផ្គត់ផ្គង់ឯកសារពាក់ព័ន្ធដ៏សំខាន់ដែរ។ នៅរយៈកាលចុងក្រោយ មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តោតលើការបំលែងឯកសារដែលខ្លួនបានប្រមែប្រមូលចងក្រងអស់រយៈកាលជាង២៥ឆ្នាំទៅជាទម្រង់ឌីជីថលដើម្បីឆ្លើយតបចំពោះតម្រូវការរបស់សាធារណជននិងអ្នកស្រាវជ្រាវជាសកលឲ្យមានប្រសិទ្ធភាពជាងមុន។

នៅតាមការរិយាល័យស្រាវជ្រាវនៅបណ្តាខេត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្រៅពីឯកសារខ្មែរក្រហមក្នុងទម្រង់សន្លឹកផ្តោតជាពិសេសទៅលើតំបន់នីមួយៗ មជ្ឈមណ្ឌលឯកសារកម្ពុជាបានដំឡើងកុំព្យូទ័រនិងបរិក្ខារជួយសម្រួលដល់ការសិក្សាស្រាវជ្រាវ ដើម្បីអនុញ្ញាតឲ្យសាធារណជននិងអ្នកស្រាវជ្រាវអាចប្រើប្រាស់ឯកសារទូទៅដែលមានផ្ទុកនៅក្នុងម៉ាស៊ីនផ្ទុកឯកសារឌីជីថល តម្កល់ក្នុងបណ្ណាល័យសម្តេចម៉ែនៅឯរាជធានីភ្នំពេញ ពីតាមបណ្តាទីតាំងការិយាល័យទាំងនោះ។ ម៉ាស៊ីនផ្ទុកឯកសារបានជួយសម្រួលដល់ការតបនឹងសំណើបានឆាប់រហ័សនិងប្រសើរជាងមុន។ មជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងបន្តប្រមែប្រមូលបទសម្ភាសន៍ និងឯកសារថ្មីៗបន្តទៀតនៅពេលបច្ចុប្បន្ន។
លោកឯកអគ្គរដ្ឋទូតប៊ីចូនហេកម៉ាគតំណាងឲ្យប្រតិភូកិត្តិយសនិងស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាបានចារចំណារអនុស្សារីយ៍លើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានខ្លឹមសារដូចតទៅ៖
“ថ្ងៃនេះក្រុមការងារមកពីស្ថានទូតស៊ុយអែតរបស់យើងបានសិក្សាយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែង ក្នុងការរារាំងមិនឲ្យអំពើឃោឃៅនិងអំពើហិង្សាផ្នែកសិទ្ធិមនុស្សកើតមានសារជាថ្មី។ សូមអបអរសាទរចំពោះការងារដ៏មានសារសំខាន់ និងកិច្ចខិតខំប្រឹងប្រែងបន្តទៀត“៕សរន


