អ្នកជំនាញ ៖ ពាក្យបណ្តឹង​របស់​ត្រាំ​ទំនង​មិន​ប៉ះពាល់​លទ្ធផល​បោះឆ្នោត​នៅ​អាម៉េរិក​ទេ តែ​អាច​ពន្យឺត​បរាជ័យ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ដេ​ឡាវែ​, វ៉ាស៊ីនតោន ៖ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​កោះ​ប្រមូលផ្តុំ​មេធាវី​របស់​លោក​ដើម្បី​ពង្រឹង​ទស្សនវិស័យ​ដ៏​ស្រអាប់​របស់លោក​ក្នុងការ​ជាប់​ឆ្នោត​មួយ​អាណត្តិ​ទៀត ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ច្បាប់​បាន​និយាយថា បណ្តឹង​មួយ​ប្រាវ​របស់គាត់​មានឱកាស​តិចតួច​ណាស់​ក្នុង​ការផ្លាស់ប្តូរ​លទ្ធផល ប៉ុន្តែ​អាច​ធ្វើឱ្យ​មាន​ការសង្ស័យ​លើ​ដំណើរការ​បោះឆ្នោត​។​

​ខណៈ​ដែល​ផ្លូវ​របស់​លោក​ត្រាំ​ឆ្ពោះទៅរក​ជ័យជម្នះ​កាន់តែ​រួម​តូច​ទៅៗ​យុទ្ធនាការ​របស់លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កំពុង​បង្កើន​នូវ​បណ្តឹង​ផ្លូវច្បាប់​និង​បាន​ដាក់ពាក្យ​ប្តឹង​ករណី​ចុងក្រោយ​របស់​ខ្លួន​នៅក្នុង​​រដ្ឋ​ណេវ៉ា​ដា​។​

​កាលពី​ថ្ងៃ​ពុធ​យុទ្ធនាការ​របស់​ត្រាំ​បាន​ប្តឹង​នៅ​រដ្ឋ​មី​ឈី​ហ្គែ​ន រដ្ឋ​ផេន​ស៊ីល​វ៉ានៀ​និង​រដ្ឋច​ច​ចា ហើយ​បាន​ស្នើសុំ​ចូលរួម​ក្នុង​បណ្តឹង​ដែល​កំពុង​ពន្យារពេល​នៅ​ឯ​តុលាការ​កំពូល​អាម៉េរិក​។​

​ក្រុម​អ្នកជំនាញ​បាន​និយាយថា បណ្តឹងវិវាទ​នេះ​គឺ​ធ្វើឡើង​ដើម្បី​អូសបន្លាយ​ពេល​នៃ​ការរាប់​សន្លឹកឆ្នោត​និង​ពន្យារ​ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់ៗ​កុំ​ឱ្យ​ប្រកាស​លោក​បៃដិនជា​អ្នកឈ្នះ​ដែល​នឹង​មាន​ផល​ប៉ះ​​ពាល់​ខាង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លោក​ត្រាំ​។​

​លោក រ៉ូបឺត យ៉ាប់​ឡូ​ន សាស្ត្រាចារ្យ​នៅ​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ​វី​ស្កុន​សិន​ម៉ា​ឌី​សុន បាន​និយាយថា “​ចំណាត់ការ​បណ្តឹង​ផ្លូវច្បាប់​នាពេល​បច្ចុប្បន្ន​នេះ​គឺជា​វិធី​ចម្បង​មួយ​សម្រាប់​យុទ្ធនាការ​របស់​ត្រាំ ដើម្បី​ព្យាយាម​ពង្រីក​ស្ថានការណ៍​ដោយ​សង្ឃឹមថា ភាពមិនប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំនួន​នឹង​លេច​ចេញ​មក​។ រហូតមកទល់​ពេលនេះ​យើង​មិន​ទាន់​បាន​ឃើញ​ការបង្ហាញ​ពី​ភាពមិនប្រក្រតី​ជា​ប្រព័ន្ធ​ក្នុងការ​​រាប់​សន្លឹកឆ្នោត​នោះ​ទេ​”​។​

​អ្នកគ្រប់គ្រង​យុទ្ធនាការ​របស់លោក​ត្រាំ គឺ លោក ប៊ី​ល ស្តេ​ហ្វៀ​ន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា បណ្តឹង​ទាំងនេះ​មាន​គោលបំណង​ដើម្បី​ធានា​ថា​សន្លឹកឆ្នោត​ស្រប​ច្បាប់​ត្រូវ​​បាន​រាប់​។​

​លោក បប់ បូ​អឺ ជា​ផ្នែក​មួយ​នៃ​ក្រុម​មេធាវី​របស់​លោកបៃ​ដិន បាន​និយាយថា “​ពាក្យបណ្តឹង​ទាំងនោះ​គឺ​មិន​សម​ហេតុផល​ទេ​។​បណ្តឹង​ទាំងនោះ​មាន​គោលបំណង​ផ្តល់​ឱ្យ​យុទ្ធនាការ​ត្រាំ​នូវ​ឱកាស​ដើម្បី​លើក​​ហេតុផល​ថា ការរាប់​សន្លឹកឆ្នោត​គួរតែបញ្ឈប់​។ វា​នឹង​មិន​បញ្ឈប់​ទេ​”​។​

​យោង​តាម​អ្នកជំនាញ​ឱ្យដឹងថា នៅ​ទីបំផុត​ដើម្បី​ឱ្យ​បណ្តឹង​មាន​ឥទ្ធិពល​បាន លុះត្រាតែ​ការបោះឆ្នោត​ត្រូវ​រង់ចាំ​អ៊ុត​លទ្ធផល​នៃ​រដ្ឋ​មួយ​ឬ​ពីរ ដែល​ខុស​គ្នា​ដោយ​សំឡេងឆ្នោត​ពីរ​បី​ពាន់​សន្លឹក​៕sn

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យក​តុល​ការ​ជា​សមរភូមិ​ចុងក្រោយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...