ដោយៈ គូលែន / សៀមរាបៈ សមត្ថកិច្ចនគរបាល បានរកឃើញអត្តសញ្ញាណ អ្នកដំណើរជា ជនជាតិវៀតណាម ដែលស្លាប់ ៧ នាក់ និងរបួស ៥នាក់ ដោយសារក្រឡាប់រថយន្ត ដែល បណ្ដាលមកពី តៃកុងរថយន្ត បើកបរក្នុងស្ថានភាពងងុយដេក ហើយរេចង្កូត បុកបង្កាន់ដៃស្ពាន រួចក៏ធ្លាក់ចូលក្នុងប្រឡាយទឹក តែម្តង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២និង៤០នាទី ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ តាន់ សុផុន អធិការនគរបាលស្តីទី ស្រុកជីក្រែង បានបញ្ជាក់ថាៈ រថយន្តម៉ាក ស្តារិច មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A-៨៤៦៩ មានគ្នា ១២ នាក់ ក្នុងនោះ មានជនជាតិវៀតណាម ចំនួន ៥ នាក់ ដោយបើកបរ ក្នុងទិសដៅពីទិស ខាងកើត ទៅទិសខាងលិច។ លុះមកដល់ ចំណុចកើតហេតុ ខាងលើ រថយន្ត បានរេចង្កូត ទៅខាងស្តាំដៃផ្លូវ ទៅទិសខាងជើងផ្លូវជាតិ ហើយបានបុកបង្គោលស្ពាន អស់ចំនួន ៣ បង្គោល ហើយធ្លាក់ក្រឡាប់ផ្ងារពោះក្នុងទឹក បណ្តាលឲ្យស្លាប់មនុស្ស ចំនួន ៧ នាក់ ក្នុងនោះមានស្រី ៣ នាក់ បានកៀបជាប់ នៅក្នុងរថយន្ត។
លោកបានបន្តថាៈ ជនរងគ្រោះដែលស្លាប់ជាប់នៅក្នុងរថយន្ត រួមមានៈ ១. ឈ្មោះ វ៉ាង ធីធី ភេទស្រី អាយុ២៥ឆ្នាំ , ២.ឈ្មោះ វ៉ាត់ ធីត្រាង ភេទស្រី អាយុ២ឆ្នាំ , ៣ ឈ្មោះ លី មេង អ្នកបើកបររថយន្ត ។ ចំណែកជនរងគ្រោះ ចំនួន ៤ នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវរក ។ រីឯអ្នករងរបួស មានចំនួន ៥ នាក់ ក្នុងនោះស្រី ២នាក់គឺៈ ១.ឈ្មោះ ដាង់ វាំងវីន ភេទប្រុស អាយុ៣៩ឆ្នាំ , ២ ឈ្មោះ.ផាង វ៉ាតលើយ ភេទប្រុស អាយុ៣៩ឆ្នាំ , ៣ ឈ្មោះ ថាម ធីវិន ភេទស្រី អាយុ៣៩ឆ្នាំ , ៤.ឈ្មោះ តឿង ធីហ្វៀន ភេទស្រី អាយុ៣៩ឆ្នាំ និង៥.ឈ្មោះ វ៉ាង វឹកតឹង ភេទប្រុស អាយុ៤០ឆ្នាំ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានស្ទូចរថយន្ត មកទុកនៅអធិការដ្ឋាន នគរបាលស្រុកជីក្រែង ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕PC













