ដោយ៖ ម៉េងឆៃ/ ភ្នំពេញ៖ លោកស្រី លីយូកា រូឌ្រីហ្គេស បារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងជំនួប នៅទីស្តីការក្រសួងមុខងារសាធារណៈ ទាំងលោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងទាំងលោកស្រីឯកអគ្គរដ្ឋទូតគុយបា បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះ ភាពល្អប្រសើរនៃចំណងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅដែលបាន រួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេស ទាំងពីរ កម្ពុជា-គុយបា ត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នាថា នឹងខិតខំរិះរកវិធីដើម្បីឱ្យមានកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលក្នុងវិស័យមុខងារសាធារណៈ ពិសេសផ្នែកអភិវឌ្ឍន៍ កសាងសមត្ថភាពធនធានមនុស្សជាមន្ត្រីរាជការ៕PC



