លោកស្រី ចាស៊ីនដា អាដឺន បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រី នូវែលសេឡង់អាណត្តិទី២ កាលពីថ្ងៃសុក្រ បន្ទាប់ពីគណបក្សលោកស្រីឈ្នះឆ្នោតក្នុងសម្លេងភាគច្រើនលើសលប់កាលពីខែមុន។

លោកស្រី ចាស៊ីនដា អាដឺន
មេដឹកនាំដ៏មានប្រជាប្រិយរូបនេះ និងរដ្ឋមន្ត្រីរបស់លោកស្រី បានធ្វើសម្បថជាភាសាអង់គ្លេសនិងភាសាជនជាតិដើមម៉ាវរី នៅក្នុងពិធីនៅវិមានរដ្ឋាភិបាលក្រុងវែលលីងតុន។
អាដឺន អាយុ៤០ឆ្នាំ ដណ្តើមបានជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃ១៧តុលា ដោយដឹកនាំគណបក្សពលករនិយមកណ្តាលលម្អៀងឆ្វេងរបស់លោកស្រីទៅរកជ័យជម្នះធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
អាដឺនបាននិយាយថា ជោគជ័យនេះផ្តល់អំណាចច្បាស់លាស់មួយសំរាប់លោកស្រីធ្វើការកែទំរង់ តែទោះជាយ៉ាងណាអាទិភាពរបស់លោកស្រីគឺទប់ស្កាត់ជំងឺកូវីដ១៩ និងស្ថាបនាសេដ្ឋកិច្ចដែលខូចខាតដោយកូវីដ១៩ឡើងវិញ។
កាលពីថ្ងៃចន្ទ លោកស្រីបានប្រកាសបញ្ជីគណៈរដ្ឋមន្ត្រីដ៏ភ្ញាក់ផ្អើល រួមមានការតែងតាំង ស្ត្រីជនជាតិដើមម៉ាវរី លោកស្រីណាណាយយ៉ា ម៉ាហ៊ូតា ជារដ្ឋមន្ត្រីការបរទេស។ណាណាយយ៉ា ម៉ាហ៊ូតា ជារដ្ឋមន្ត្រីម្នាក់ក្នុងចំណោមរដ្ឋមន្ត្រីជនជាតិដើមម៉ាវរី ៥នាក់ក្នុងគណៈរដ្ឋមន្ត្រីរបស់ លោកស្រីអាដឺន។
សូមបញ្ជាក់ថា ប្រទេសដែលមានប្រជាពលរដ្ឋ៤,៨លាននាក់នេះ តំណាងដោយសមាជិកសភា១២០រូប ហើយសភាបច្ចុប្បន្ន មានសមាជិកជាងពាក់កណ្តាលតំណាងដោយស្ត្រី មនុស្សស្រឡាញ់ស្រីដូចគ្នា មនុស្សខ្ទើយ មនុស្សស្រឡាញ់ភេទទាំងពីរ និងមនុស្សកែភេទ៕

លោកស្រីណាណាយយ៉ា ម៉ាហ៊ូតា ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់នូវែលសេឡង់