ដោយ: ចាន់តូ / ភ្នំពេញ: ឃើញនាងពោះធំសុំជួយបណ្តើរម៉ូតូឡើងចំណោតជិះគេចខ្លួន ត្រូវប្តីនារីរងគ្រោះតាមទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចចំណោតមាត់ទន្លេក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ជនសង្ស័យឈ្មោះ កើ ណាវី អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខបរនេសាទត្រី ស្នាក់នៅលើទូក ក្រុម៩ភូមិ១សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជនរងគ្រោះ រឿន ស្រីនី ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ២សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានផ្ទៃពោះ៨ខែផងដែរ។
តាមប្រភពព័ត៌មានពីប្តីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់ជាប្តីកំពុងនៅលើទូកប្រពន្ធរបស់គាត់បានជិះម៉ូតូឡើងចំណោតមាត់ទន្លេ ខណៈនោះជនសង្ស័យបានសុំជួយបណ្តើរ ស្រាប់តែបណ្តើរម៉ូតូបានបន្តិចក៏ជិះគេចខ្លួន។ ភ្លាមៗនោះគាត់បានឡើងពីទូកហៅគ្នាជួយដេញរហូតដល់ចំណុចកើតហេតុ ទើបចាប់ជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ច។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសាកសួរបន្ថែមនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ល

