ដោយ​: សុផល / ភ្នំពេញ​: សៀវភៅ “​មាគ៌ា​ដ៏​ត្រឹមត្រូវ​សម្រាប់​កម្ពុជា ដើម្បី​រក្សា​សន្តិភាព​និង​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ ២០០៨-២០១៨” ដែលជា​ស្នាដៃ​របស់​រាជបណ្ឌិតសភា​កម្ពុជា បាន​ត្រូវ​សម្ពោធ​លក់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ សៀវភៅ​នេះ មាន​៥៩៦​ទំព័រ និពន្ធ​រួម​ដោយ​បណ្ឌិត​សភាចា​រ្យ សុខ ទូច​, បណ្ឌិត ខែ​ក វីរៈ​, បណ្ឌិត ស៊ុន សំ​, បណ្ឌិត គី សេរី​វឌ្ឍន៍​, លោក ចាន់ វណ្ឌី​លោក លឹម សុ​វណ្ណា​រិ​ទ្ធិ​, លោក ហេង វិ​រិ​ទ្ធិ និង​លោក ផា​ញ់ សារឿន​។​ការបោះពុម្ពផ្សាយ​លើកដំបូង​នេះ មាន​ចំនួន​១​ម៉ឺន​ច្បាប់​។​

​សៀវភៅ​នេះ បង្ហាញ​ពី​ដំណើ​រវិ​វត្ត​នយោបាយ សេដ្ឋកិច្ច សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​២​នីតិកាល​នៃ​រដ្ឋសភាជាតិ និង​ឆ្លុះបញ្ចាំង​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​នៅក្នុង​សង្គម​កម្ពុជា និង​ជា​កំណត់ត្រា សាវតារ​ជាតិ​នៃ​សមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល ១០​ឆ្នាំ ពី​ឆ្នាំ ២០០៨-២០១៨​។​

​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​និង​ជា​ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​សៀវភៅ​នេះ បាន​ថ្លែងថា​៖​សៀវភៅ​នេះ​បង្ហាញ​អំពី​ដំណើ​រវិ​វត្ត​នយោបាយ សេដ្ឋកិច្ច សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង រយៈពេល​២​នីតិកាល​នៃ​រដ្ឋសភាជាតិ​ដោយ​អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយ​ស្តែងចេញ​ឱ្យឃើញ​ពី​ការដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​គណបក្ស ជា​ដៃគូ​ក្នុង​រាជរដ្ឋាភិបាល និង​មាន​ចម្រុះ​គណបក្សនយោបាយ​នៅក្នុង​រដ្ឋសភា និង​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ដែលមាន​គណបក្សនយោបាយ​តែ​២ ដែល​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​។

​សៀវភៅ​នេះ ក៏បាន​បង្ហាញ​អំពី​ភាពចាស់ទុំ​នៃ​អ្នកនយោបាយ ដោយបាន​បញ្ចប់ អត្ថិភាព​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ដែលមាន​ចេតនា​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ប្រព្រឹត្ត ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រក្សាបាន​នូវ​សុខសន្តិភាព និង​ការ អភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ​។

​លោក​បណ្ឌិត​បាន​គូសបញ្ជាក់ថា​៖​ជាការ​ពិតណាស់ យើង​មិនអាច​កោស​លុប​ប្រវត្តិសាស្ត្រ​បានទេ​ថា សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ពិភពលោក​បានចាត់ទុក​ថា ជា​បុរស​ខ្លាំង​នៅ​កម្ពុជា ដែល​លោក គឺជា​វរជន​ដែល​បាន​ស្វែងរក​សន្តិភាព​និង​ដាក់ចេញ​នូវ​គោលនយោបាយ ដ៏​ត្រឹមត្រូវ​ក្នុង ការអភិវឌ្ឍ​ប្រទេសជាតិ​កម្ពុជា​ឆ្ពោះទៅកាន់​វឌ្ឍនភាព​ជឿនលឿន តាមរយៈ​ការជំរុញ​ការអភិវឌ្ឍ និង​បង្កើន​សក្តានុពល​ទៅលើ​គ្រប់​វិស័យ ពិសេស​វិស័យ​ចម្បងៗ​ដូចជា​វិស័យ​អប់រំ​បណ្តុះបណ្តាល ធនធានមនុស្ស វាយ​ន​ភណ្ឌ ទេសចរណ៍ ធនាគារ សំណង់​និង​កសិកម្ម​ព្រមទាំង​ការទាក់ទាញ វិនិយោគិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ជាដើម ដែល​ឆ្លុះបញ្ចាំង​និង​អនុលោម​ទៅតាម​ដំណាក់កាល ជ្រុង និង​មុំ​នីមួយៗ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​បាន​បន្តថា​៖​សៀវភៅ​នេះ ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​នៅក្នុង​សង្គម​កម្ពុជា និង​ជា​កំណត់ត្រា សាវតារ​ជាតិ​នៃ​សមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល ១០​ឆ្នាំ ពី​ឆ្នាំ ២០០៨-២០១៨​។ សៀវភៅ​នេះ ចែកចេញជា ៣​ជំពូក​៖​ជំពូក​ទី​១ និយាយ​អំពី​នយោបាយ​ក្នុងប្រទេស​៖ ខ្លឹមសារ​សំខាន់​នៅក្នុង​ជំពូក​នេះ គឺ​រំលេច ឱ្យឃើញ​នូវ​ដំណើរ​ឈានទៅរក​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ផ្តើមចេញពី​ឆ្នាំ​១៩៨៩ ដែល ជា​ឆ្នាំ​ចាប់ផ្តើម​ដំបូង​នៃ​ដំណើរការ​ចរចារ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ហើយ​នាំទៅដល់​ការចុះ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នា​ឆ្នាំ​១៩៩១ ដែលមាន​តួអង្គ​ពីរ​សំខាន់ គឺ​សម្តេច​នរោត្តម សីហនុ និង​សម​មិត្ត ហ៊ុន សែន​។ នា​ដំណាក់​កាលនោះ ជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់ ថ្នាក់ដឹកនាំ​កម្ពុជា ត្បិត​កម្ពុជា​នៅតែ​គ្រប់គ្រង​ប្រទេស​ដែលមាន​សង្គ្រាម​ផ្ទៃក្នុង​នៅឡើយ ដែលជា​ការគ្រប់គ្រង​ប្រទេស​តាមរបៀប​ស្បែក​ខ្លា​។​

​រយៈពេល​ជាង​៣​ឆ្នាំ​ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​ប្រើប្រាស់​ដើម្បី​សម្រេចបាន​នូវ​កិច្ច​ព្រម ព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​កម្ពុជា ដោយមាន​ការចូលរួម​ពី​ប្រទេស​ចំនួន ១៨​ប្រទេស និង បានធ្វើការ​ចរាចរ​នៅ​ប្រទេស​ជាច្រើន​ទាំង​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​តំបន់​អាស៊ាន​។ បន្ថែម​ពី លើ​នេះ​ទៅទៀត នៅក្នុង​ជំពូក​នេះ ក៏បាន​គូសបញ្ជាក់​ផងដែរ​នូវ​ដំណើ​រវិ​វត្ត​នៃ​ប្រជាធិបតេយ្យ នៅ​ក្នុងសម័យ​រាជាណាចក្រ​ក​ទី​២ ពោលគឺ​រៀបរាប់​ពី​ដំណើរការ​នៃ​ការចូលរួម​បោះឆ្នោត​របស់​គណបក្សនយោបាយ​ទាំងឡាយ រាប់​តាំងពី​នីតិកាល ១ នៃ​រដ្ឋសភា​នា​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​២០១៨ អំពី​ដំណើរការ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត ក៏ដូចជា​វិបត្តិ​នយោបាយ​ក្រោយ​ការ ប្រកាស​លទ្ធផល​។ នៅត្រង់ចំណុច​នេះ យើង​បាន​សង្កត់ធ្ងន់​ទៅលើ​យន្តការ​នៃ​ការដោះស្រាយ វិបត្តិ​នយោបាយ​របស់​អ្នកនយោបាយ​ខ្មែរ ពិសេស​ភាព​ឆ្លាត​វៃ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាងនេះទៅទៀត ជំពូក​នេះ ក៏បាន​បង្ហាញ​ពី​សេរីភាព​របស់​ប្រជាជន​កម្ពុជា​ដែលមាន សិទ្ធិសេរីភាព​ពេញលេញ​នៅក្នុង​កា​រស់នៅ និង​ត្រូវបាន​ធានា​ដោយ​ច្បាប់​ដែល​ពលរដ្ឋ​ម្នាក់ៗ មាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​នូវ​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​ឈរលើ​មាគ៌ា​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។ ក្រៅពីនោះ ជំពូក​ដដែល​នេះ ក៏បាន​បង្ហាញ​ផងដែរ​នូវ​តួនាទី​របស់​យុវជន​កម្ពុជា ក្នុង​សម័យថ្មី ក៏ដូចជា​លំហ​នៃ​អង្គការ​សង្គម​ស៊ីវិល ដែលជា​ដៃគូ​មួយ​មិនអាច​ខ្វះ​បាន​នៅក្នុង សង្គម​ប្រជាធិបតេយ្យ​។​

​ចំពោះ​ជំពូក​ទី​២ ស្តីពី​កម្ពុជា​ក្នុងតួនាទី​នយោបាយ​ការបរទេស​។​ជំពូក​នេះ​ផ្តោតទៅលើ ដំណើរ​កម្ពុជា​ក្នុងការ​ឈានចូល​ក្នុង​អង្គការ​អន្តរជាតិ​នានា ដោយ​រាប់ទាំង​អង្គការ​តំបន់​ក៏ដូចជា សមាគម​ផ្សេងៗ​ទៀត​។ ជំពូក​នេះ​ក៏បាន​គូសបញ្ជាក់ ពី​ទំនាក់ទំនង​ដ៏​ល្អ​របស់​កម្ពុជា​ជាមួយ ប្រទេស​ដទៃ​រាប់ទាំង​តំបន់​អាស៊ាន និង​អាស៊ី​ប៉ាស៊ីហ្វិក​ជាដើម​។ បន្ថែម​ពីលើ​នេះ​ទៀត ជំពូក ទី​២​នេះ បា​នប​បង្ហាញ​ពី​នយោបាយ​ការបរទេស​ដ៏​ប៉ិនប្រសព្វ​របស់​កម្ពុជា ដែល​តែង​ប្រកាន់ខ្ជាប់​នូវ​នយោបាយ “​ការបរទេស​តាមបែប​ផ្កា​ចម្រុះ​ពណ៌​»​។ ជាការ​ពិត កម្ពុជា​ដែល​ធ្លាប់ជា ប្រទេស​ទទួល​កងទ័ព​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​តិ នៅលើ​ទឹកដី​របស់ខ្លួន​កាលពីដើម ទស្សវត្សរ៍​ឆ្នាំ​១៩៩០​នោះ បានប្រែក្លាយ​ទៅជា​ប្រទេស​ដែល​បាន​បញ្ជូន​កងទ័ព​រប​ស់​ខ្លួន ក្រោម ឆត្រ​នៃ​អង្គការ​សហ​ប្រជា​តិ​ទៅកាន់​បណ្តា​ប្រទេស​មាន​ជម្លោះ​មួយចំនួន​ដូចជា ស៊ូដង់ ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​ឆាដ អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​ប​ប្រឹស និង​ម៉ាលី​ជាដើម​។ ហើយ​ការ បញ្ជូន​ទ័ព​មួក​ខៀវ​កម្ពុជា គឺ​ស្របតាម​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា​។ ក្រៅពីនេះ ជំពូក​ទី​២ ក៏បាន​បង្ហាញ នូវ​ទិដ្ឋភាព​នយោបាយ​អន្តរជាតិ​ក្នុង​តំបន់​ដូចជា​អាស៊ាន សហគមន៍​អឺរ៉ុប និង​ភាពជា​ដៃគូ​កិច្ច សហប្រតិបត្តិការ​រវាង​កម្ពុជា​ជាមួយ​មហាអំណាច​នានា តួរ​យ៉ាង​សហរដ្ឋ​អាម៉េរិក ចិន និង រុស្ស៊ី​ផងដែរ​។​

​ចំណែក​ជំពូក​ទី​៣ វិញ​ស្តីពី​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព​។ ក្នុង​ជំពូក​នេះ​បង្ហាញ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ព្រមទាំង​សន្ទុះ​នៃ​ការវិនិយោគ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ធនាគារ ទេសចរណ៍ កសិកម្ម ហេ​ដ្ឋ​រចនាសម្ព័ន្ធ អភិវឌ្ឍ​ជនបទ ក៏ដូចជា វិស័យ ថាមពល​និង​ធនធានទឹក​ជាដើម​។ ជាពិសេស សន្ទុះ​នៃ​ការរីកចម្រើន​ខ្លាំង​ក្នុង​ទីក្រុង​ភ្នំពេញ​ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។ ពិតណាស់ ទីក្រុង​ភ្នំពេញ​តែ​រយៈពេល​ខ្លី​ចុង​ក្រោយនេះ មានការ​ពង្រីក​នូវ​ទំហំ​របស់ខ្លួន​ជា​បន្តបន្ទាប់​ជាងនេះទៅទៀត​ភាព​រីកចម្រើន​របស់​ក្រុងភ្នំពេញ អាច​និយាយបានថា ជាការ​រីកចម្រើន​ខ្លាំង​ជាង​យុគ្គសម័យ​ណា​ណា​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ កម្ពុជា​។ ព្រោះ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៨​នេះ សម្បូរ​ទៅដោយ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​អគ្គិសនី​ខ្វាត់ខ្វែង មាន​ស្ពាន​អាកាស​ជាច្រើន​ខ្សែ​និង​មាន​អគារ​ខ្ពស់ៗ​ជាច្រើន​កន្លែង​។​ជំពូក​ទី​៣​នេះ ក៏បាន​រំលេច​អំពី​វឌ្ឍនភាព​ដែល​កម្ពុជា​អាច​សម្រេចបាន​នូវ​កំណើន សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុងរ​វ​ង្វ​ង់ ៧% ជា​បន្តបន្ទាប់​ដែល​បាន​ហាក់​ធ្វើឱ្យ​កម្ពុជា​ក្លាយទៅជា​កូន​ខ្លា សេដ្ឋកិច្ច​ថ្មី​មួយ​នៅក្នុង​អាស៊ាន ដែល​កម្ពុជា​នឹង​ឈាន​ទៅជា​ប្រទេស​មាន​ចំណូល​ធ​ម្យ​មក​ម្រិ ត​ខ្ពស់​ឆ្នាំ​២០៣០ និង​ឈាន​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅក្នុង​ឆ្នាំ​២០៥០​។​

បណ្ឌិតសភា​ចា​រ្យ​សុខ ទូច បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា​សៀវភៅ​នេះ​អាច​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​អ្នកនយោបាយ អ្នកសិក្សា​ស្រាវជ្រាវ​នូវ​ជ្រុង​ណាមួយ ដែល​យើង​យល់ថា​អាច​ដកស្រង់​ជា​បទពិសោធ ជា​មេរៀន ឬ​ជា​យុទ្ធសាស្ត្រ​សម្រាប់​មនុស្ស​ទៅ​ថ្ងៃ​អនាគត​៕