ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ការផ្តល់ស្បៀងជូនពលរដ្ឋបានធ្វើឡើងកាលពីថ្មីៗនេះ នៅផ្សារគំរូថ្មីឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី៦ខែវិច្ឆិកាថា៖ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយរបស់ក្រុមអ្នកម្តាយខេត្តបាត់ដំបង-សប្បុរសជន និងមូលនិធិសមាគមន៍អង្គរ ព្រមទាំងមូលនិធិករុណាខ្មែរ តាមរយៈលោកឧត្តមសេនីយ៍ត្រីបោន បិន ប្រធានក្រុមការងារថ្នាក់ខេត្តបន្ទាយមានជ័យចុះជួយឃុំគំរូ ស្រុកថ្មពួកបាន ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរពីប្រទេសថៃកន្លងមក ចំនួន ២០២ គ្រួសារ ក្នុងឃុំគំរូ ស្រុកថ្មពួក។

លោក យង់ យឺន អភិបាលរងស្រុកថ្មពួក បានអោយដឹងថា៖ អំណោយជូនពលរដ្ឋក្នុង១គ្រួសាររួមមាន: អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១យួរ និងឃីតទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ ត្រីខ ១កញ្ចប់។
បន្ថែមលើនោះ សម្រាប់ពលរដ្ឋ០២គ្រួសារដែលបានបាត់បង់បងប្អូន ឬឪពុកម្តាយ បានបន្ថែមថវិការជូនចំនួន ៥០ម៉ឺនរៀនបន្ថែមទៀត។ និងឧបត្ថមដល់ក្រុមការងារយុវជនចំនួន ៣៥នាក់ ចំនួន៣០.០០០រៀល/១នាក់៕ ល

